លោក ស្រេង វង្សហៀង ប្រធានសមាគម អាយ វី អេហ្ស កម្ពុជា-ចិន ក្នុងឱកាសចូលជួបសម្ដែងការគួរសមសម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីប៉ុន្មានថ្ងៃមុន បានបង្ហាញចេទនាចង់វិនិយោគក្នុងវិស័យសុខាភិបាលកម្ពុជា។

ប្រធានសមាគមចិនមួយនេះ បានថ្លែងប្រាប់សម្ដេច ស ខេង ថាកម្ពុជាដែលមានសក្ដានុពលទេសចរណ៍ស្រាប់ ពិតជាមិនលំបាកឡើយសម្រាប់ការភ្ជាប់ទេសចរណ៍ទៅនឹងសុខភាព ពីព្រោះបើកម្ពុជាមានមន្ទីរពេទ្យល្អ និងទំនើប ភ្ញៀវបរទេសអាចមកកំសាន្ត និងពិនិត្យព្យាបាលសុខភាពក្នុងពេលតែមួយ។

បើតាមលោក ស្រេង វង្សហៀង ទេសចរណ៍សុខាភិបាល កំពុងពេញនិយមខ្លាំងនៅប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី និងថៃ ជាដើម ហើយ ប្រសិនបើដំណើរការនេះទទួលបានជោគ​ជ័យ នឹងទាក់ទាញអ្នកទេសចរ ព្រមទាំងអ្នកមក ពិនិត្យជំងឺកាន់តែច្រើនឡើង ជាពិសេសប្រជាជនម​កពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និង នៅអាស៊ីផងដែរ។

យ៉ាងណាក៏ដោយក្នុងជំនួបនោះលោកគ្រាន់តែបង្ហើបពីបំណងនេះប៉ុណ្ណោះ ពោលគឺមិនទាន់បញ្ជាក់ឲ្យបានស៊ីជម្រៅអំពីគម្រោងវិនិយោគក្នុងវិស័យសុខាភិបាលនោះនៅឡើយទេ។ អ្វីដែលគេអាចដឹងបាន គឺក្រៅតែពីបង្ហាញបំណងនេះ សមាគមចិន បានជូនសម្ដេច ស ខេង នូវអង្ករ៥០តោន ដើម្បីប្រើប្រាស់តាមតម្រូវការក្រសួងមហាផ្ទៃ៕