ខេត្តបន្ទាយមានជ័យ​ ៖​​គ្រឿងក្នុង​ជ្រូក​ជាង​កន្លះ​តោន​ ដឹក​តាម​រថយន្ត​ទួ​រី​ស​១​គ្រឿង​ នាំ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ខូចគុណភាព​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​ និង​ឃាត់ខ្លួន​អ្នក​បើករថយន្ត​១​នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ត្រួតពិនិត្យ​ និង​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី​រសៀល​ កាលពីថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​នៅ​ក្នុងភូមិ​ណា​កា​ឆាយ​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ក្រោម​ការ​ដឹកនាំ​កម្លាំង​បង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​ប្ញ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្តបន្ទាយមានជ័យ​ ។​

លោក​ឧត្តមសេនីយ៍ត្រី​ ចាប​ សុ​ផា​ប្ញ​ទ្ធិ​ ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ត្រួតពិនិត្យ​ជាក់ស្តែង​ ការ​នាំ​ចូល​គ្រឿងក្នុង​ជ្រូក​ទាំងនោះ​គ្មាន​លិខិតអនុញ្ញាត​នាំ​ចូល​ និង​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​នោះ​ឡើយ​ ។​ គ្រឿងក្នុង​ជ្រូក​សរុប​១២​កេស​ស្មើនឹង​៥៧២​គីឡូក្រាម​ ក្នុង​នោះ​មាន​ពោះជ្រូក​២០០​គីឡូក្រាម​,​ ត្រចៀកជ្រូក​១៨០​គីឡូក្រាម​ បេះដូង​ជ្រូក​១៥០​គីឡូក្រាម​ ឆ្អឹងជំនី​ជ្រូក​២២​គីឡូក្រាម​ និង​ពោះវៀនធំ​២០​គីឡូក្រាម​ ។​

បើ​តាម​ចម្លើយ​សារភាព​ពី​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ គូ​ លាង​ចិន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​២​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ប្រាប់​សមត្ថកិច្ច​ថា​ រូបគេ​ប្រកប​មុខរបរ​អ្នក​រត់​តាក់ស៊ី​ ទើបតែ​ស៊ីឈ្នួល​ដឹក​គ្រឿ​ក្នុង​ជ្រូក​លើក​ទី​១​ ឱ្យ​ថៅកែ​នៅ​ភ្នំពេញ​ ស៊ីឈ្នួល​ដឹក​១​កេស​២៥.០០០​រៀល​ ដោយ​មិនដឹង​ថា​ជា​គ្រឿងក្នុង​ជ្រូក​មានច្បាប់​ ឬ​អត់​ច្បាប់​នោះ​ទេ​៕