ភ្នំពេញ ៖ ជនជាតិចិនចំនួន ៩១នាក់នេះ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាម​ប្រព័ន្ធទូរគមនាគមន៍ (VOIP) ត្រូវបាននគរបាលអន្តោប្រវេសន៍កម្ពុជា ប្រគល់ជូនប៉ូលិសខេត្តហ្គ័ងចូវ យកទៅដាក់ទោសនៅប្រទេសចិន នៅថ្ងៃទី ១៥​ខែតុលានេះ។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រគល់ជនជាតិចិនចំនួន ៩១នាក់ ក្នុងនោះមានស្រីចំនួន២១នាក់ ពាក់ព័ន្ធករណី​ជម្រិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ទៅឲ្យប៉ូលិសខេត្តហ្គ័ងចូវ របស់ចិន ដើម្បីយកពួកគេទៅអនុវត្តច្បាប់នៅប្រទេសចិន។

លោកបានបន្តថា ជនសង្ស័យជាជនជាតិចិនទាំង៩១នាក់ ខាងលើនេះ ត្រូវបាន​នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយក្រុមហ៊ុនឋានសួគ៌សុខា ធ្វើការឃាត់ខ្លួននៅចំណុចអគារលេខ៣ ស្ថិតនៅឃុំបឹងទូក ស្រុកទឹកឈូរ ខេត្តកំពត (រមណីយដ្ឋានឧទ្យានជាតិបូកគោ) ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធទូរគម នាគមន៍ (VOIP)។

បច្ចុប្បន្ននេះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនទទួល និងបណ្តេញជនសង្ស័យជាជនជាតិចិន ដែលពាក់​ព័ន្ធ​ករណីគំរាមជម្រិត ឆរបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ដោយយកទឹកដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ធ្វើសកម្មភាពសម្រាប់ប្រព្រឹត្តបទល្មើសទៅលើប្រជាជននៅប្រទេសចិនរាប់លាននាក់ និងជនសង្ស័យជាជនជាតិចិន ដែលបានប្រ​ព្រឹត្ត​បទល្មើសនៅប្រទេសចិនបានរត់គេចខ្លួនពីការតាមចាប់របស់ប៉ូលីសប្រទេសចិន បានលួចចូលមកសម្ងំលាក់ខ្លួន រួចបន្តសកម្មភាពនៅលើទឹកដីកម្ពុជាទៀត។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា៕