
ក្រុមអ្នកវិទ្យាសាស្ត្រតាមដានសត្វព្រៃរបស់អង្គការ WWF បានប្រទះឃើញសត្វរំពេរទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើមសិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គរវាងខេត្តក្រចេះ ខេត្ដស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១។ អ្នកវិទ្យាសាស្ត្របានឃើញវត្តមានរបស់សត្វរំពេរទន្លេដ៏អស្ចារ្យទាំងនេះកំពុងប្រើប្រាស់ថ្មប៉ប្រះទឹកជាទ្រនំដើម្បីចាប់ត្រី ខណៈដែលសត្វរំពេរខ្លះទៀតកំពុងតែហើរក្រឡឹងចុះឡើងតាមឆ្នេរខ្សាច់ដែលជាទីជម្រកធម្មជាតិរបស់ពួកវាដើម្បីបន្តពូជ។ ខណៈពេលនេះរដូវបន្តពូជរបស់សត្វរំពេរទន្លេបានចាប់ផ្តើមហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WWF។

លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះប្រចាំតំបន់ទន្លេមេគង្គនៃអង្គការ WWF បានថ្លែងថា សត្វរំពេរទន្លេជាប្រភេទបក្សីមានមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ ពោះស ហើយភាគច្រើនត្រូវបានគេប្រទះឃើញក្នុងរដូវកាលបន្តពូជរបស់ពួកវា ដែលចាប់ផ្តើមពីខែមករា ដល់ខែឧសភា។ លោកបានបន្ថែមថា «ចំនួនសត្វរំពេរទន្លេដែលបានប្រទះឃើញពេលនេះមានចំនួនច្រើនជាងចំនួនដែលបានប្រទះឃើញកាលពីឆ្នាំមុន ដែលពេលនោះឃើញសត្វរំពេរទន្លេមានតែ ៦៤ ក្បាលប៉ុណ្ណោះ»។

លោកបានលើកឡើងថា ចំនួនបក្សីទាំងនេះមានកំណើនទ្វេដងក្នុងរយៈពេលប្រាំឆ្នាំដែលកើនពី ៣១ ក្បាល ក្នុងឆ្នាំ២០១៦ ដល់ ៦៨ ក្បាល ក្នុងដើមឆ្នាំ២០២១។
បើតាមអ្នកជំនាញបានលើកឡើងថា សត្វរំពេរទន្លេជាប្រភេទបក្សីមួយដ៏កម្របំផុតក្នុងចំណោមប្រភេទបក្សីកម្រក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងប្រទេសកម្ពុជា សត្វរំពេរទន្លេបានធ្លាក់ចុះ ៨០ភាគរយ ក្នុងរយៈពេល ២០ ឆ្នាំ កន្លងទៅ ដែលមានចំនួនប៉ាន់ប្រមាណសរុបទូទាំងប្រទេសចន្លោះពី ៥៤ ដល់ ៦២ ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។ កត្តាគំរាមកំហែងចម្បងៗចំពោះការរួសរានរបស់សត្វបក្សីនេះរួមមានការយាយីដល់ទីជម្រកធម្មជាតិរបស់វាបណ្តាលមកពីសកម្មភាពមនុស្ស ការជន់លិចសម្បុក ការប្រមូលយកស៊ុតបក្សីដោយមនុស្ស និងការបំផ្លាញសម្បុកសត្វដោយសត្វពាហនៈ និងសត្វរំពារផ្សេងៗ។ ដោយហេតុនេះហើយ ទើបអង្គការ IUCN បានផ្លាស់ប្តូរចំណាត់ថ្នាក់របស់បក្សីនេះក្នុងបញ្ជីក្រហមនៃប្រភេទសត្វទទួលរងគ្រោះរបស់ខ្លួនពី «ជិតរងគ្រោះ»ទៅជាប្រភេទ «ងាយរងគ្រោះ»។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនសំបុកសត្វរំពេរទន្លេចំនួន ៤៧ សំបុក ត្រូវបានការពារដោយសហគមន៍មូលដ្ឋាននៅតំបន់ទន្លេមេគង្គ៕