ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលីនិងអាហ្វ្រិកខាងត្បូងមានការចាប់អារម្មណ៍ខ្លាំងលើសត្វសំពោចភ្នំ ឬឈ្មុសប្រែង ដែលជាប្រភេទសត្វដ៏កម្រមួយ ក្នុងកំឡុងពេលពួកគាត់បានទៅទស្សនាជំរុំចាហ៊ូហ្គីបឹន (Jahoo Gibbon) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី កាលពីខែ មេសា កន្លងទៅ។

បើតាមអង្គការ WCS ប្រភេទសត្វនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វដែលកំពុងទទួលរងការគំរាមកំហែង។ អង្គការ WCS ប​ន្តថា មានមនុស្សតិចតួចណាស់ដែលមានឱកាសបានឃើញសត្វសំពោចភ្នំ។ រូបថតនេះ ថតដោយលោក ស៊ាន ម៉ារឌី ជាបុគ្គលិកមជ្ឈមណ្ឌលសំវាសនា។ រូបនេះបង្ហាញអំពីសកម្មភាពរបស់វានៅពេលថ្ងៃ ដែលតាមធម្មតា វាបង្ហាញខ្លួនតែនៅពេលយប់ឬពេលថ្ងៃហៀបលិចប៉ុណ្ណោះ។

ជាកត់សម្គាល់ សត្វសំពោចភ្នំស៊ីគ្រាប់ផ្លែឈើជាអាហារ ជាពិសេស ផ្លែល្វា។ សត្វនេះ ទាំងញីទាំងឈ្មោល មានក្រពេញផលិតក្លិនម៉្យាងដែលធ្វើឲ្យខ្លួនវាធំក្លិនដូចពោតលីង។