
តាមការប៉ាន់ប្រមាណ ចំនួនសត្វស្លាបដែលកំពុងអាស្រ័យនៅក្នុងបឹងអភិរក្ស ពារាំង មានចន្លោះពី១៣០ទៅ១៦០ប្រភេទ ដែលសុទ្ធតែជាប្រភេទកម្រៗ ដូចជា៖ទុង ត្រដក់ រនាល និងក្អែកទឹកជាដើម។ នេះបើតាមការលើកឡើងរបស់លោក សុខ សំណាង ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង នៅថ្ងៃទី១៣ កុម្ភៈនេះ។

សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង ស្ថិតនៅក្នុង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ត សៀមរាប មានចម្ងាយប្រមាណ១៣គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប។លោក សុខ សំណាង បានឱ្យដឹងថា សហគមន៍នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយបានចូលរួម សកម្មភាពជាមួយអាជ្ញាធរពាក់ព័ន្ធនានា ក្នុងការការពារនិងអភិរក្សព្រៃឈើជាពិសេសសត្វស្លាបក្នុងតំបន់បឹង ធម្មជាតិពារាំង។

សូមជម្រាបថា សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង ជាតំបន់អភិរក្សត្រីមេពូជ ស្ថិតក្នុងផ្ទៃទឹក ប្រមាណ២៥០ហិកតា ព្រៃលិចទឹកនិងដើមពារាំងដែលជាជម្រកត្រីនិងសត្វស្លាបអាស្រ័យនៅជាង៣០០០ ហិកតា និងប្រភេទសត្វស្លាបកម្រៗ ដូចជា ត្រយង ទុង រនាលពណ៌ ក្អែកទឹក និងសត្វស្លាបជាច្រើនប្រភេទ ចន្លោះពី១៣០ទៅ១៦០ប្រភេទទៀតអាស្រ័យនៅ និងស្វែងរក ចំណីរអាហារ។បច្ចប្បន្នទីតាំងនេះ ក៏ជាកន្លែង ស្វាគមន៍ភ្ញៀវទេសចរ ដែលចង់ទៅទស្សនា សម្រស់ធម្មជាតិ ជាពិសេសព្រៃលិចទឹក និងសត្វស្លាបចម្រុះពណ៌៕ AKP
