វត្តមានសត្វក្រៀលនៅអាង អន្លង់ព្រីង បានវិលមកស្នាក់នៅ និង រកចំណីនៅ​ទីនេះ​វិញហើយ បន្ទាប់ពីបានបន្លាស់ទីទៅរកចំណីនៅកន្លែងផ្សេងៗ នារដូវប្រាំង ។ នេះបើ​តាមការឱ្យដឹងពីអង្គការ ជីវិតសត្វស្លាបអន្តរជាតិ( BirdLife International) កាលពីថ្ងៃពុធ។

ជាទូទៅក្រោយពីសត្វក្រៀលពង កូនហើយ ពួកវាតែងតែមករកចំណីនៅតំបន់​ការពារ​​ទេសភាពអន្លង់ព្រីង ជារៀងរាល់ឆ្នាំចាប់ពីខែ ធ្នូ ដល់ខែឧសភា។ ដោយឡែកក្នុងរដូវ​កាល​ឆ្នាំ២០១៨ -២០១៩នេះ ក្រុមការងារអង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International) ពិនិត្យឃើញថា សត្វក្រៀលចុងក្រោយបានចាកចេញពីតំបន់​ដីសើម​នេះ​ក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ។ តែចម្លែកនាឆ្នាំនេះសត្វក្រៀល មួយហ្វូង​​(០៨ក្បាល)បានសម្រេចចិត្តត្រឡប់មករកចំណីនៅតំបន់ការពារទេសភាពនេះវិញ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ និងបន្តរស់នៅទីនោះរហូតដល់ពេលបច្ចុប្បន្ននេះ។

អង្គការជីវិតសត្វស្លាបអន្តរជាតិ បន្តអង្កេតតាមដាន អំពីភាពមិនប្រក្រតីនេះ និងសំណូម​​ពរដល់ប្រជាសហគមន៍កុំបរបាញ់ ឬកុំរំខានពួកវា៕