ទី១ ឈឺជើង

  • ការហើមនិងការឈឺជើង គឺជាសញ្ញាមួយបញ្ជាក់ថាស្រ្ដីនោះអាចមានមហារីកមាត់ស្បូន។ តាមអ្នកជំនាញពន្យល់ថា នៅពេលមាត់ស្បូនហើម គឺវាតែងទៅប្រឆាំងចរន្តឈាមនៅក្បែរៗនោះ ហើយបន្ទាប់មក វាក៏បង្កទៅជាការកកស្ទះចរន្តឈាមនៅជើង ដែលជាមូលហេតុធ្វើឱ្យជើងហើមនិងឈឺ។ ទោះជាយ៉ាងណា នៅត្រង់ស្បែកជើងដែលហើមនោះ មិនមានពណ៌ស្វាយឬក្រហមឡើយ ប៉ុន្តែបែរជាប្រទះឃើញសរសៃឈាមនិងកំណកឈាមដុំៗទៅវិញ។

ទី២ ការធ្លាក់ទឹករំអិលតាមទ្វារមាស

  • ជារឿងធម្មតាប៉ុណ្ណោះ សម្រាប់ស្រ្ដីដែលធ្លាក់ទឹករំអិលបន្តិចបន្តួច ហើយគ្មានពណ៌និងគ្មានក្លិន។ប៉ុន្តែប្រសិនបើការធ្លាក់ទឹករំអិលនោះ ក្នុងចំនួនកាន់តែច្រើនហើយមានធុំក្លិនខ្លាំង ឬកើតមានរូបភាពគួរឱ្យសង្ស័យជាច្រើនទៀត គឺមានន័យថា ទាំងនោះ ជាសញ្ញានៃការចាប់ផ្ដើមមហារីកមាត់ស្បូន។

ទី៣ ធ្លាក់ឈាមខុសលក្ខណៈប្រក្រតី

  • ប្រសិនបើបើស្រ្ដីណាម្នាក់ តែងធ្លាក់ឈាមតាមទ្វារមាសគ្មានពេលវេលាជាក់លាស់ឬខុសពីលក្ខណៈប្រក្រតី ដូចជាការធ្លាក់ឈាមនៅចន្លោះនៃការមករដូវ ឬនៅក្រោយពីការរួមភេទរួច គឺវាអាចជាសញ្ញាបង្ហាញមួយនៃមហារីកមាត់ស្បូន។

ទី៤ ពិបាកក្នុងការបត់ជើងតូច

  • ការឈឺចាប់ឬពិបាកក្នុងការបត់ជើងតូច(ឈឺនោម) មិនមែនសុទ្ធតែជាបញ្ហាធ្ងន់ធ្ងរឡើយ ព្រោះជួនកាល ការឈឺចាប់បែបនេះ អាចដោយសារតែបំពង់បង្ហូរនោមបានឆ្លងមេរោគអ្វីយ៉ាងប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការឈឺចាប់នៅពេលនោម ក៏អាចជាសញ្ញានៃការកើតមានមហារីកមាត់ស្បូនដែរ ពីព្រោះ ដោយសារតែមហារីកបានរាលដាលទៅប្លោកនោម។ នៅពេលជួបបញ្ហាពិបាកក្នុងការបត់ជើងតូច គឺតម្រូវឱ្យទៅជួបជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់បំផុតនិងមិនត្រូវពន្យាពេលឡើយ ដើម្បីពិនិត្យការពិត។

ទី៥ បត់ជើងតូចមិនទៀងទាត់

  • ប្រសិនបើជារឿយៗ នៅក្នុងទឹកនោមតែងមានអាការផ្លាស់ប្ដូរប្លែកៗ និងមិនអាចគ្រប់គ្រងប្លោកនោមបាន ឬទឹកនោមមានពណ៌ជាពិសេសមានឈាមមកជាមួយ គឺជាសញ្ញានៃជំងឺមហារីកមាត់ស្បូន។

ទី៦ ការមករដូវមិនទៀងទាត់

  • ការមករដូវជារៀងរាល់ខែ គឺជារឿងធម្មតាបំផុតនិងមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ ប៉ុន្តែប្រសិនបើ ពេលវេលា ភាពញឹកញប់ ឬអ្វីផ្សេងទៀតបានផ្លាស់ប្ដូរនាំឱ្យការមករដូវមិនទៀងទាត់ វានឹងអាចជាប់ពាក់ព័ន្ធទៅនឹងការកើតមានមហារីកមាត់ស្បូននៅពេលខាងមុខ។

ទី៧ ពិបាកក្នុងការរួមភេទ

  • ពិបាកក្នុងការរួមភេទឬការរួមភេទមានការឈឺចាប់ គឺកើតឡើងដោយសារតែមហារីក បានរាលដាលចូលពាសពេញជាលិកានិងសរីរាង្គបន្តពូជ។

ទី៨ ការឈឺនៅត្រង់ត្រគាក

  • វាជារឿងធម្មតាបំផុតទៅហើយ ចំពោះស្រ្ដីដែលតែងឈឺចាប់នៅពេលមករដូវ។ ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់នៅត្រង់ត្រគាក គឺកើតឡើងញឹកញប់បំផុត ហើយការមករដូវមានរយៈយូរខុសពីធម្មតា ដូច្នេះ គួរតែទៅជួបជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។

ទី៩ ឈឺខ្នង

  • តាមពិត! ការឈឺខ្នង គឺជារឿងសាមញ្ញប៉ុណ្ណោះ ពីព្រោះវាបានកើតមានចំពោះជនជាតិអាមេរិកប្រហែល៨០%ឯណោះ ហើយវាកើតឡើងដោយសារហេតុផលខុសៗគ្នា។ ប៉ុន្តែប្រសិនបើការឈឺខ្នង កើតឡើង ស្របពេលមានការឈឺត្រគាក ឈឺចាប់នៅពេលរួមភេទ ឈឺចាប់ក្នុងការបត់ជើងតូច ឬមានការធ្លាក់ទឹករំអិលតាមទ្វារមាស គឺសញ្ញាអំពីជំងឺមហារីកមាត់ស្បូន។

ទី១០ ការស្រកទម្ងន់មិនដឹងមូលហេតុ

  • ជាថ្មីម្ដងទៀត! ការស្រកទម្ងន់ គឺអាចដោយសារហេតុផលជាច្រើន ដូច ការហាត់ប្រាណឬតមអាហារសម្រកប៉ុណ្ណោះ។ ប៉ុន្តែអ្នកជំនាញពន្យល់ថា ជំងឺមហារីកមាត់ស្បូន គឺជាជំងឺកាត់បន្ថយគ្រាប់ឈាមក្រហម ហើយជំនួសមកវិញនូវគ្រាប់ឈាមស ដើម្បីប្រឆាំងទប់ទល់ជំងឺមហារីក។ អាការនេះ អាចធ្វើឱ្យស្លេកស្លាំង ដែលជាទូទៅធ្វើឱ្យស្រ្ដីមានអារម្មណ៍អស់កម្លាំងមិនដឹងមូលហេតុ ហើយនេះជាមូលហេតុអាចនាំឱ្យស្រកទម្ងន់ ដោយសារតែបាត់បង់ចំណង់អាហារ៕

ប្រភព៖ Healthy and Natural World