ស.ជ.ណចុះថ្ងៃទី៤មករារបស់ទីស្ដីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចនិរាករណ៏លិខិតចំនួន២ ដែលលិខិតមួយបានស្នើកាត់ផ្ទៃដីបឹកតាមោក១៥ហិកតាសម្រាប់សាងសង់អាគាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងលខិតមួយទៀត ដែលសុំកាត់ដីបឹងតាមោក១៥ហិកតាសម្រាប់សាងសង់អាគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្ស និងអាគាររបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន។

ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចនិរាករណ៍លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តីមួយចំនួនទៀត ដូចជាលិខិតចុះថ្ងៃទី៨តុលារបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីសំណើសុំអនុញ្ញាតដោះដូរទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងទំហំដី១៥,៣៣ ហិចតារបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក។

និរាករណ៍លិខិតចុះថ្ងៃទី១៤តុលា ស្តីពីសំណើសុំអនុញ្ញាតដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអាគារ​គណៈកម្មការជាតិគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ​សារ​មីន និងដីចំនួន១៥ហិកតា ជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសាង់អាគារថ្មី និងឃ្លាំង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធនានាជូនមកអង្គភាពទាំង៣វិញ នៅលើទំហំដី១ហិចតា២០អា ស្ថិតនៅភូមិព្រែហូរ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងសុំរួចពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធិ។

រដ្ឋាភិបាលក៏បានសម្រេចប្រគល់អាគារទីស្តីការក្រសួងរៀបចំដែនដី នរគរួបនីយកម្ម និង​បច្ចុប្បន្ន ជូនក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់អាគារស្តីទីក្រសូងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន ជូនមន្ទីររៀបចំដែនដី នរគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ និងប្រគល់ទីតាំងទីស្តីការក្រសួងរ៉ែ និងថាមពលបច្ចុប្បន្ន ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា។

ទោះជាយ៉ាងណា ផ្ទៃដីបឹងតាមោកដែលរដ្ឋាភិបាលដកយកមកវិញចំនូន៣០ហិកតា គឺមានចំនួនតិចតូចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលិខិតចំនួន៣របស់ទីស្ដីការគណៈ​រដ្ឋ​មន្រ្តីចុះអំឡុងខែធ្នូឆ្នាំ២០២០ ដែលបានចេញផ្សាយនៅពេលថ្មីៗនេះ គឺរដ្ឋាភិបាលបានសម្រេចកាត់បឹងតាមោកដែលមានទីតាំងជាង២៣៦ហិកតា សម្រាប់សាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត២០ហិកតា ក្រៅពីនោះជាការដោះដូរដីគ្នារវាងរដ្ឋនិងឯកជន។



នៅមានលិខិតរបស់ទីស្ដីការជាច្រើនទៀត ដែលបានសម្រេចកាត់ផ្ទៃដីបឹងតាមោក ដែលជាបឹងមួយមានទំហំ ៣ ២៣៩ ហិកតា និងជាបឹងធំជាងគេក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលមានសារៈសំខាន់ផ្នែកបរិស្ថាន ដូចជាជួយការពារទឹកជំនន់ ជាអាស្ដុកទឹកស្អាតលក្ខណៈធម្មជាតិ និងជាបឹងសម្បូរធនធានត្រីនិងបក្សី។

សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលជុំវិញការចេញលិខិតនិរាករណ៍លើការកាត់ផ្ទៃបឹងតាមោក៣០ហិកតាមកវិញនេះបានទេ​ដោយសារលោកមិនលើកទូរសព្ទ។

លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសរសេរតាមគេហទំព័រហ្វេសប៊ុកថា ការចេញលិខិតនិរាករណ៍ដកហូតយកបឹងសម្បត្តិសាធារណៈមួយចំនួនមកវិញនេះជាជំហានត្រឹមត្រូវ ហើយរដ្ឋាភិបាលគួរពិនិត្យបន្ថែមទៀតលើការ​អនុប្ប​យោគនិងការផ្ទេរកម្មសិទ្ធិដទៃទៀតក្នុងតំបន់បឹងតាមោក។

លោកស្រីថា៖«ទាំងស្ថាប័នរដ្ឋ និងឯកជនដែលទទួលបានផលប្រយោជន៍ពីតំបន់នេះ គួរមានទំនួលខុសត្រូវនិងធានាថាធុរកិច្ចរបស់ខ្លួននឹងមិនប៉ះពាល់ដល់សង្គមនិងបរិស្ថាន​»។

លោកស្រីបន្តទៀតថា រដ្ឋាភិបាលគួរបង្ហាញពីការវាយតម្លៃផលប៉ះពាល់ និងមូលហេតុនៃការកាត់ផ្ទៃដីបឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានដឹងពីការសម្រេចចិត្តទាំងឡាយកន្លងមក ជាពិសេសត្រូវបង្ហាញថាតំបន់ដែលជាសម្បត្តិសាធារណៈ៕