ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា វៀតណាមនឹងសម្រេចបានទឹកប្រាក់រហូតដល់ ៦ពាន់លានដុល្លារ​នៅឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់រវាង មន្រ្តីជាន់ ខ្ពស់ប្រទេសទាំងពីរនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ដែលត្រូវបានរៀបចំឡើង កាលពីពេលថ្មីៗនេះ។

ថ្លែងនៅក្នុងវេទិកានេះ ប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចកម្ពុជា-វៀតណាម-ឡាវ លោកស៊ាង ប៊ុនលាង បានលើកឡើងថា គិតត្រឹម ឆ្នាំ២០១៧ ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម សម្រេចបាន ៣៨០០លាន ដុល្លារ ពោលគឺកើនឡើងជិត៣០% បើធៀបនឹងឆ្នាំ២០១៦ ខណៈដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង បន្តជំរុញការពង្រីកទំហំពា ណិជ្ជកម្មឲ្យកើន ដល់ ៦០០០លានដុល្លារនៅឆ្នាំ២០២០។

លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងវេទិកានេះដែរថា ប្រទេសកម្ពុជា មានកិច្ចគាំពារ និងតម្កល់ផលប្រយោជន៍របស់វិនិយោគិនពាណិជ្ជករ បរទេសទាំងអស់ ដែលបាននិងកំពុងបណ្តាក់ទុនវិនិយោគ និងប្រកប អាជីវកម្មស្រប ច្បាប់នៅកម្ពុជា។ លោកបន្តថា បច្ចុប្បន្នកម្ពុជាកំពុងលើក ទឹកចិត្តពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេស ដែលជាទីផ្សារធំៗមួយចំនួនទៀត នៅក្នុងតំបន់ និងពិភពលោក តាមរយៈការអនុគ្រោះពន្ធទូទៅ លើការនាំចូលផលិតផល ពីប្រទេស កម្ពុជា៕