ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានបង្ហាញប្រភេទរថយន្តអគ្គិសនីសេរីទំនើបថ្មីចំនួន៣ម៉ូដែល កាលពីថ្ងៃសុក្រម្សិលមិញ និងបានអះអាងថា នឹងដាក់លក់នៅលើទីផ្សារក្នុងឆ្នាំនេះ។

ការដាក់បង្ហាញម៉ូឌែលថ្មីទាំងនេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន ដើម្បីក្លាយជាអ្នកឈានមុខគេលើពិភពលោកក្នុងការផលិតរថយន្តអគ្គិសនី។ ក្រុមហ៊ុនបានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រថយន្តចំនួនពីរក្នុងចំណោមម៉ូដែលទាំងបី គឺជារថយន្តប្រភេទ SUV ទាំងអស់ ហើយក៏អាចរត់បានដោយម៉ាស៊ីនប្រើសាំងដែរ។

រថយន្តទាំងនោះមានឈ្មោះថា VF31 VF32 និង VF33 មានប្រព័ន្ធបើកបរដោយខ្លួនឯង រួមទាំងជំនួយចង្កូត ការត្រួតពិនិត្យផ្លូវតូច និងចតរថយន្តដោយស្វ័យប្រវត្តិ និងអាចរត់បានចម្ងាយ៣០០ទៅ៥០០គីឡូម៉ែត្រនៅពេលសាកភ្លើងពេញ។



ម៉ូដែលVF31 អាចត្រូវបានបញ្ជាទិញនៅក្នុងប្រទេសវៀតណាមចាប់ពីខែឧសភានេះ ហើយនឹងត្រូវបានចែកចាយនៅខែវិច្ឆិកា ហើយម៉ូដែល VF32 និង VF33 អាចបញ្ជាទិញបានចាប់​ពីខែកញ្ញា ហើយការដឹកជញ្ជូននឹងចាប់ផ្តើមនៅខែកុម្ភៈឆ្នាំ២០២២។

ក្រុមហ៊ុនវៀតណាម ក៏នឹងលក់រថយន្តទាំងនេះនៅសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប ដែលប្រទេសទាំងនេះអាចបញ្ជាទិញនៅខែវិច្ឆិកា និងចែកចាយនៅខែមិថុនាឆ្នាំក្រោយ។

ក្រុមហ៊ុន VinFast ជាក្រុមហ៊ុនស្ថិតនៅក្រោមក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនធំបំផុតប្រចាំនៅវៀតណាម ដេលបានចូលក្នុងឧស្សាហកម្មផលិតរថយន្តកាលពី៣ឆ្នាំមុន។ ក្រុមហ៊ុនមានរោងចក្រផលិតរថយន្តនៅវៀតណាម និងមានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍​នៅអូស្រ្តាលី អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក៕