អាជ្ញាធរវៀតណាម កំពុងត្រៀមជម្លៀសពលរដ្ឋរស់នៅតាមឆ្នេរចំនួន១លាន២សែននាក់ទៅកាន់សុវត្ថិភាព​ ខណៈព្យុះទី១៨ឈ្មោះម៉ូឡាវ នឹងធ្វើឱ្យមានការបាក់ដីនិងទឹកជំនន់ជាថ្មីនៅកណ្តាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

យោងតាមការព្យាករណ៍អាកាសធាតុរបស់ឧតុនិយមវៀតណាមបានបញ្ជាក់ថា គិតត្រឹមម៉ោង១រសៀលថ្ងៃចន្ទព្យុះនេះ ព្យុះម៉ូឡាវបានស្ថិតនៅចម្ងាយប្រហែល ៥៦០ គីឡូម៉ែត្រនៅ​ភាគនិរតីនៃកូនកោះ Cay ដែលជាកូនកោះស្ថិតក្នុងសមុទ្រចិនខាងត្បូង។ វាមានល្បឿនបោកបក់ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវានឹងមកដល់តំបន់ឆ្នេរសមុទ្រប្រទេស​វៀតណាមនៅថ្ងៃពុធខាងមុខនេះ ដែលអាចបណ្ដាលឱ្យមានការបាក់ដីបន្ថែមទៀត។

ខ្យល់ព្យុះនេះ បូកផ្សំនឹងអាកាសធាតុត្រជាក់ផង នឹងអាចបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាង​ខ្លាំងលើតំបន់នានាដែលលាតសន្ធឹងជាង១០០០ គីឡូម៉ែត្ររបស់វៀតណាម ចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃព្រហស្បតិ៍នឹងធ្វើឱ្យមានគ្រោះទឹកជំនន់ ហើយតំបន់ភ្នំនានា ប្រឈមខ្ពស់បំផុតនឹងការបាក់ដី។



លោក Tran Quang Hoai អនុប្រធានគណៈកម្មាធិការដឹកនាំដើម្បីការពារនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់វៀតណាមបាននិយាយថា កម្លាំងរបស់ព្យុះម៉ូឡាវ បានធ្វើ​ឱ្យ​អាជ្ញា​ធរត្រូវត្រៀមជម្លៀសប្រជាជនជាង១លាន២សែននាក់នៅក្នុងខេត្តចំនួន៧ ស្ថិតនៅ​ភាគ​កណ្តាលប្រទេស ដែលជាតំបន់ទីប្រជុំជនបុរាណដ៏ល្បីល្បាញ តំបន់ឆ្នេរ និងតំបន់រូងភ្នំជាដើម។

នៅក្នុងរយៈពេល៣សប្ដាហ៍មកនេះគឺពីថ្ងៃទី៦ដល់ថ្ងៃទី២៥តុលានេះ ភ្លៀងមូសុងបានធ្វើ​ឱ្យ​ភាគកណ្ដាលប្រទេសវៀតណាមរងគ្រោះពីទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុង​រយៈ​ពេល៥ឆ្នាំចុងក្រោយ ដែលបានធ្វើឱ្យ១៣០នាក់ស្លាប់។

សម្រាប់ត្រៀមទប់ទល់ នឹងព្យុះម៉ូឡាវ ក្រសួងការពារជាតិវៀតណាមបានអំពាវនាវឱ្យមានការប្រមូលផ្តុំជាង ៣៦៨ ០០០ នាក់​​ ដែលជាទាហាន ប៉ូលីស និងអ្នកស្ម័គ្រចិត្តស៊ីវិលដើម្បីត្រៀមចេញធ្វើប្រតិបត្តិការជួយដល់ប្រជាជននៅក្នុងតំបន់ដែលមានហានិភ័យ៕