ទីក្រុងហាយណូយកំពុងរៀបចំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី២នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការបញ្ជាក់ពីប្រភពមួយចំនួន ដែលបានថ្លែងសារព័ត៌មានRueter ហើយបានចុះផ្សាយនៅថ្ងៃទី ១៧ មករា ឆ្នាំ២០១៩ នេះ។

ប្រភពបានបញ្ជាក់ថា លោក គីម ជុនអ៊ុន នឹងធ្វើដំណើទៅកាន់ប្រទេសវៀតណាមសម្រាប់បំពេញទស្សនកិច្ចប្រមុខរដ្ឋផ្លូវការណ៍ នៅក្រោយពីពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនៅថ្ងៃទី៤-៨ ខែកុម្ភៈ។ ប្រភពដាច់ដោយឡែកទៀតបញ្ជាក់ដែរថា លោក គីម​ នឹងទៅកាន់ប្រទេសវៀតណាម តែមិនបានបញ្ជាក់អំពីថ្ងៃពិតប្រាកដឡើយ។

ការលើកឡើងពីប្រភពនេះ បានកើតឡើងស្របពេលសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង កំពុងរៀបចំកិច្ចប្រជុំធំៗជាច្រើននៅក្នុងរដ្ឋធានីវ៉ាស៊ីតោននៅក្នុងសប្ដាហ៍នេះ ដើម្បីជជែកអំពីកិច្ចប្រជុំជាលើកទី២ រវាងលោក ត្រាំ និងលោក គីម។នេះបើតាមបណ្ដាញផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។

ប្រទេសវៀតណាមដែលដឹកនាំដោយបែបកុម្មុយនិស្ដ ប៉ុន្តែបច្ចុប្បន្ន វៀតណាមកំពុងក្លាយជាប្រទេសដែលមានទំនាក់ទំនងល្អទាំងជាមួយសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង ហើយក៏ជាប្រទេសដ៏សកសមជាងគេសម្រាប់ជំនួបលើកទីពីររបស់លោក ត្រាំ និងលោក គីម៕

ប្រភព៖ Channel NewsAsia