កាលពីថ្ងៃអង្គារ៌ម្សិលមិញ តុលាការទីក្រុងហូជីមិញ​ បានផ្តន្ទាទោសមនុស្ស៥នាក់ឲ្យជាប់ពន្ធ​នាគារពី៣ទៅ៨ឆ្នាំ ពីបទផលិតស្រោមអនាម័យនិងប្រេងរំអិលក្លែងក្លាយដែលមានតម្លៃជិត២សែនដុល្លារ(២៩២,២២០ ដុល្លារ)។

លោក Truong Chi Thanh អាយុ ៣០ ឆ្នាំដែលត្រូវបានគេស្គាល់ថា ជាមេខ្លោង គឺត្រូវជាប់ពន្ធនាគារ៨ឆ្នាំ ខណៈដែលដៃគូអាជីវកម្មរបស់គាត់ឈ្មោះ Pham Thanh Truyen អាយុ៣១ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទផលិតនិងជួញដូរទំនិញក្លែងក្លាយ ខណៈបក្ខពួក៣នាក់ទៀត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ៣ឆ្នាំ។



កាលពីខែកក្កដាឆ្នាំ២០១៨ អាជ្ញាធរវៀតណាមបានឆ្មក់ចូលផ្ទះជួលមួយកន្លែង ដែលាបានរក្សាទុកស្រោមអនាម័យដែលមិនមានស្លាកសញ្ញា ហើយក្រោយមកដាក់លក់ថាជាផលិតផលដូចជា Durex OK ឬស្រោមអនាម័យម៉ាក Sure ជាដើម។

បុរសឈ្មោះ Thanh បានសារភាពចំពោះរាល់ការចោទប្រកាន់ទាំងអស់ ហើយបានអះ​អាង​ថា ខ្លួនបានពង្រីកប្រតិបត្ដិការនេះ ដោយជួលស្រ្ដីម្នាក់និងបុរសពីរនាក់ផ្សេងទៀត៕