នៅថ្ងៃសុក្រនេះ ចក្រភពអង់គ្លេសបានចាប់ផ្ដើមដាក់បំរាមលើអ្នកដំណើរមកពីក្រុមប្រទេស​ជាង១០នៅទ្វីបអាមេរិកខាងត្បូង ដូចជាប្រទេសអាហ្សង់ទីន ប្រេស៊ីល បូលីវី ឈីលី កូឡុំប៊ី អេក្វាឌ័រ ហ្គីណេបារាំង ប៉ារ៉ាហ្គាយ ប៉េរូ និងអ៊ុយរូហ្គាយ រួមទាំងប្រទេស​ព័រ​ទុយ​ហ្គាល់ ដែលស្ថិតនៅតំបន់អឺរ៉ុប បន្ទាប់ពីមានវីរុសកូវីដ១៩បន្លែងថ្មីមួយទៀត ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីល។

លោក Felipe Naveca មន្រ្តីផ្នែកស្រាវជ្រាវរបស់ប្រេស៊ីលបាននិយាយថា វីរុសកូវីដ១៩​បម្លែង​ថ្មីនរកឃើញនៅក្នុងប្រទេសខ្លួន កំពុងបង្កការព្រួយបារម្ភ ហើយប្រភពដើមរបស់វា គឺមិនទាន់ច្បាស់ ប៉ុន្តែវាអាចចេញពីតំបន់អាម៉ាហ្ស៊ូន។

មន្រ្តីរូបនេះបន្តថា វីរុសបម្លែងថ្មីនេះ គឺបានវិវត្តដាច់ដោយឡែកខុសពីវីរុសបម្លែងដែលទើបបានរកឃើញនៅចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង ប៉ុន្តែវាបានបង្ហាញការផ្លាស់​ប្តូរខ្លះដូចគ្នា។



លោកថា៖«ការប្រែប្រួលខ្លះវីរុសបម្លែងថ្មីនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃការចម្លង ហើយនោះគឺជាការព្រួយបារម្ភ»។

កាលពីខែខែឧសភា អង្គការសុខភាពពិភពលោកបានព្រមានថា ជំងឺរាតត្បាតថ្មីនេះ នឹងធ្វើឱ្យប្រេស៊ីលស្ថិតក្នុងចំណោមប្រទេសចំនួន៣ ដែលមានការណីឆ្លងកូវីដ១៩ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។

មកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្រ្ដពិភពលោក មិនទាន់ច្បាស់នៅឡើយថា វ៉ាក់សាំងដែលកំពុងប្រើប្រាស់នៅពេលនេះ អាចនឹងមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសកូវីដបម្លែងថ្មីដែលបានរកឃើញនៅអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រទេសប្រេស៊ីលនេះ៕