ការរលាកស្បែក គឺជាកាខូចខាតស្បែក និងជាលិកានៅពីខាងក្រោមស្បែកដោយមូលហេតុផ្សេងៗ ដូចជាដោយសារកំដៅ (Thermique): ភ្លើង ទឹកក្តៅ ខ្លាញ់ក្តៅ ហ្គាសក្តៅ ឬឆេះសាំង រលាកដោយឆក់ខ្សែភ្លើង អាស៊ីត កាំរស្មី ជាដើម។ល។

ក) កម្រិតនៃការរលាក៖
ប្រសិនបើការរលាកស្បែកចាប់ពី ២០%ឡើងទៅ វាបណ្តាលអោយមាន៖
– ការឈឺចាប់ រលាកក្រហម ហើម រលួយ
– ក្តៅខ្លួន រឺត្រជាក់ខ្លួន បេះដួងដើរញាប់ ដង្ហើមញាប់ គ្រាប់ឈាមសឡើង
– បេះដូង និងសរសៃឈាម: វាបណ្តាលអោយសម្ពាធឈាមចុះ ឬ សុក
– ផ្លូវដង្ហើម: វាបណ្តាលអោយរលាកផ្លូវដង្ហើម រលាកសួត រឺហើមសួតធ្ងន់ធ្ងរ
– តម្រងនោម: វាបណ្តាលអោយខូចតំរងនោមដោយសារ៖
+ បាត់បង់ជាតិទឹកនៅក្នុងខ្លួន
+ ការខូចសាច់ដុំនៅពេលរលាកដោយការឆក់ខ្សែភ្លើង
+ មេរោគនៅក្នុងឈាម
+ តម្រងនោមពុលដោយសារថ្នាំផ្សះ

ខ) មូលហេតុនៃការរលាកស្បែក៖
ការរលាកស្បែកគឺជាការបញ្ជូនថាមពលរវាងប្រភពកំដៅនឹងខ្លួនមនុស្សយើង។ មូលហេតុដែលបណ្តាលអោយរលាកស្បែកមាន:
– ការរលាកដោយកំដៅ (Brûlure thermique):
+ ប៉ះផ្ទាល់ជាមួយ ភ្លើង ទឹកក្តៅ ប្រេងក្តៅ ភ្លើងធ្យូង ដុំដែកក្តៅ ។ល។
+ ការឆាបសាំង អាល់កុល ហ្គាស
– ការឆក់ខ្សែភ្លើង (Brûlure électrique)
– អាស៊ីត: ភាពធ្ងន់ធ្ងរវាទាក់ទងទៅនឹងប្រភេទអាស៊ីត បរិមាណអាស៊ីត កំហាប់អាស៊ីត និងរយៈពេលនៃការប៉ះពាល់។

គ) កត្តាប្រឈមគ្រោះថ្នាក់ ដែលធ្វើឲ្យអ្នករងគ្រោះមានសភាពធ្ងន់ធ្ងរ៖
– អាយុៈ តិចជាង៥ឆ្នាំ រឺ ច្រើនជាង៦០ឆ្នាំ
– ភាគរយនៃការរលាក ចាប់ពី ៤០% ឡើងទៅ
– ការរលាកមានជម្រៅជ្រៅ
– ការរលាកដោយមានការបឺតចូលផ្លូវដង្ហើមនូវផ្សែងពុល
– មានការរលាកផ្លូវដង្ហើមរួមផ្សំ
– មានការប៉ះទង្គិចរួមផ្សំ
– ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជាៈ លើសឈាម ជម្ងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ។ល។

ឃ) វិធីជួយសង្គ្រោះ៖
ការជួយសង្គ្រោះបឋមគឺធ្វើឡើងដោយអ្នកឃើញហេតុការណ៍ផ្ទាល់ ឬអ្នកនៅជុំវិញជនរងគ្រោះទៅតាមប្រភេទ និងស្ថានការណ៍នីមួយៗ:
– អ្នកជួយសង្គ្រោះត្រូវមានសុវត្ថិភាពខ្លួនឯងជាចំបងសិន។ ឧទាហរណ៍: ជនរងគ្រោះរលាកដោយសារការឆក់ខ្សែភ្លើង គឺយើងត្រូវបិទភ្លើងសិន។ បើរលាក
ដោយសារសារធាតុគីមី គឺយើងត្រូវពាក់ម៉ាស់ និងស្រោមដៃ។
– បញ្ឈប់រាល់មូលហេតុដែលបណ្តាលអោយរលាកស្បែក។ យកជនរងគ្រោះចេញអោយឆ្ងាយពីប្រភពរលាក ដោះសំលៀកបំពាក់ចេញ និងលាងសំអាតកន្លែងដែលរលាក។
– ប្រើប្រាស់ទឹកស្អាត ឬទឹកម៉ាស៊ីនដើម្បីបន្ថយកំដៅ និងការឈឺចាប់។
– ពន្លត់ភ្លើងក្នុងករណីមានការឆាបឆេះទៅលើជនរងគ្រោះ ដោយអោយជនរងគ្រោះដេកនៅលើដី រួចរមៀលឬយកអ្វីមួយមកគ្រប ឬយកទឹកមកបាចពន្លត់។
– ក្នុងករណីរលាកដោយសារសារធាតុគីមី ត្រូវលាងសំអាតនឹងទឹកអោយបានយូរ។
– ប្រសិនបើខ្ទាតចូលភ្នែក ក៍ត្រូវលាងសំអាតភ្នែកនឹងទឹកអោយបានយូរដែរ។
– ត្រូវគ្របដណ្តប់អ្នកជំងឺរលាកភ្លើងដោយក្រណាត់ស្អាត រួចបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។
– អ្វីដែលយើងមិនត្រូវធ្វើមាន:
+ មិនត្រូវយក ម្សៅ ប្រេង ឬអ្វីផ្សេងៗ មកលាបលើមុខរបួសទេ
+ មិនត្រូវប្រើប្រាស់ទឹកកកទេ
+ មិនត្រូវលាងទឹកយូរពេក ដែលនាំអោយអ្នកជំងឺត្រជាក់ខ្លួនខ្លាំង ក៍ជាកត្តាគ្រោះថ្នាក់មួយដែរ។

ង) ការព្យាបាល៖
ប្រសិនបើកម្រិតនៃការរលាក ចំពោះក្មេងចាប់ពី ១០% ឡើងទៅ មនុស្សចាស់ចាប់ពី ២០% ឡើងទៅ សូមនាំអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងផលវិបាក និងជំងឺផ្សេងៗ ដែលកើតមានដោយសារការរលាក។

«ក្រុមការងារគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សូមជម្រាបលោក លោកស្រីមេត្តាប្រយត្ន័ប្រយែងនឹងគ្រោះថ្នាក់ជាយថាហេតុ និងសូមមេត្តាប្រញ៉ាប់ប្រញល់មកទទួលការសង្គ្រោះជាបន្ទាន់ ករណីជួបប្រទះស្ថានការណ៏រៀបរាប់ខាងលើ។»

អត្ថបទមន្ទីរពេទ្យកាល់ម៉ែត្រ