មនុស្សមួយចំនួនតែងតែចង់ប្រឆាំងទៅនឹងអារម្មណ៍ខ្ជិលច្រអូសនិងរកកល់ចង់ដេកសម្រាកឱ្យស្រួលខ្លួន ក្រោយពីបាយថ្ងៃត្រង់ឬបាយល្ងាចរួច ហើយវាគឺជាបញ្ហាដ៏ពិបាកមួយក្នុងការដោះស្រាយ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្ដមួយចំនួន អាចជួយកុំឱ្យមានអារម្មណ៍ខ្ជិលឬងងុយដេកខ្លាំង ក្រោយពីបរិភោគបាយរួច។

ទី១ បរិភោគអាហារកុំឱ្យឆ្អែតពេក

  • ការបរិភោគកុំឱ្យឆ្អែកពេក គឺជាវិធីសាស្រ្ដមួយដើម្បីទប់ទល់នឹងអារម្មណ៍ខ្ជិលនិងចង់តែដេក ក្រោយពីបាយរួច។ ជាការពិតមួយ ដែលក្រុមអ្នកសិក្សាខាងផ្នែកវេជ្ជសាស្រ្ដជាច្រើន បានអះអាងថា ការបរិភោគដ៏ច្រើនលើសលុបពេក នូវអាហារសម្បូរ ប្រូតេអ៊ីន និង ជាតិស្ករ អាចធ្វើឱ្យមានអារម្មណ៍ហត់នឿយនិងចង់តែសម្រាក។

ទី២ ផឹកទឹកតែពណ៌បៃតង

  • ទឹកតែពណ៌បៃតង មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព រួមទាំងការជួយសម្រកទម្ងន់ និងផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែរ។ ការសិក្សាមួយដែលបានចុះផ្សាយដោយទស្សនាវដ្ដីឈ្មោះ របាយការណ៍វិទ្យាសាស្រ្ដ បានរកឃើញថា ទឹកតែពណ៌បៃតង គឺជួយធ្វើឱ្យធ្លាក់ចុះ កាបូនអ៊ីដ្រាត និងជួយស្រូបយកជាតិខ្លាញ់ និងបន្ថយជាតិស្ករក្នុងឈាម។ ការសិក្សានេះបន្តថា ទឹកតែបៃតង គឺមានផ្ទុកជាតិកាហ្វេអ៊ីនបន្តិចបន្តួច ដែលអាចជួយកុំឱ្យមានអារម្មណ៍អស់កម្លាំងនិងងងុយដេក ទោះបីទើបបរិភោគបាយថ្ងៃត្រង់រួចក្ដី។

ទី៣ ព្យាយាមដើរបន្ទាប់ពីបរិភោគរួច

  • ការដើរលំហែក្នុងរយៈពេលជិត១០នាទី ក្រោយពីបាយថ្ងៃត្រង់រួច គឺមិនត្រឹមជួយឱ្យបេះដូងមានសុខភាពល្អ សម្រកទម្ងន់ទេ ប៉ុន្តែក៏ជួយធ្វើឱ្យមានអារម្មណ៍មិនសូវហត់នឿយនិងងងុយដេកឡើយ។ តាមការចុះផ្សាយជាច្រើនបញ្ជាក់ថា ការដើរភ្លាមៗបន្ទាប់ពីបរិភោគអាហាររួច គឺមានអត្ថប្រយោជន៍ជាច្រើន ក្នុងនោះដូចជា ជួយកុំឱ្យលើសជាតិស្ករ និងកាត់បន្ថយជាតិស្ករក្នុងឈាមរហូតទៅដល់ជិត៣៦%។ ដូច្នោះការដើរបន្ទាប់ពីបាយរួច គឺមានប្រយោជន៍ ជាងការអង្គុយរងចាំដោយចំណាយពេលពី៣០នាទី រហូតទៅដល់១ម៉ោង។

ទី៤ កាត់បន្ថយអាហារឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់

  • ប្រសិនបើអ្នកមានអារម្មណ៍ងងុយដេកខ្លាំងបន្ទាប់ពីបរិភោគអាហារផ្ទុកជាតិស្ករច្រើន ដូច្នេះអាចព្យាយាមប្ដូរមកបរិភោគអាហារណាដែលជាគ្រាប់ធញ្ញជាតិវិញ។ គ្រាប់ធញ្ញជាតិតែងបញ្ចេញថាមពលយឺតជាងបន្តិចទៅក្នុងរាងកាយ ប៉ុន្តែមានសារជាតិចិញ្ចឹមច្រើន ដើម្បីផ្ដល់ប្រយោជន៍ដល់សុខភាព ដូចជាជួយសម្រកទម្ងន់និងជួយកាត់បន្ថយអារម្មណ៍ហត់នឿយ បន្ទាប់ពីបរិភោគបាយរួច។

ទី៥ កំណត់មុខម្ហូបណាដែលមានប្រតិកម្ម

  • ជារឿងចាំបាច់មួយដែលត្រូវកត់ចំណាំទុកចំពោះប្រភេទអាហារ ដែលបរិភោគហើយតែងធ្វើឱ្យមានអារម្មណ៍ខ្ជិលឬងងុយដេក។ មនុស្សមួយចំនួនតែងមានប្រតិកម្មចំណីអាហារខ្លះ ដែលបរិភោគហើយតែងធ្វើឱ្យមានអារម្មណ៍ហត់នឿយ។

បច្ចុប្បន្ននេះ មានការលើកឡើងជាច្រើនអំពីមូលហេតុដែលនាំឱ្យខ្ជិលនិងចង់តែដេកសម្រាកឱ្យបានមួយភ្លេត ក្រោយពីការបរិភោគបាយរួច ប៉ុន្តែហេតុផលដ៏ធំមួយ អាចបណ្ដាលមកពីការចូលដេកយប់ជ្រៅពេក។ ជាមួយនេះ មានហេតុផលមួយទៀតបញ្ជាក់ថា អ្នកកើតជំងឺទឹកនោមផ្អែម គឺតែងកើតមានអារម្មណ៍ងងុយដេកខ្លាំងជាអ្នកដែលមិនកើតជំងឺនេះ។ អ្នកវិទ្យាសាស្រ្ដអះអាងថា វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ព្រោះភាពអស់កម្លាំង គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាជាច្រើន ដែលបណ្ដាលមកពីជាតិស្ករក្នុងឈាមបានឡើងខ្ពស់ហួសកម្រិត៕