ក្រុមអ្នកវិទ្យាសាស្រ្ដបានបង្ហាញថា បញ្ហាទូទៅដែលនាំឱ្យមាត់មានក្លិនស្អុយនៅពេលដកដង្ហើម គឺមិនមែនបណ្ដាលមកពីបញ្ហាក្រពះឡើយ ប៉ុន្តែគឺដោយសារកើតមានបាក់តេរីនិងមេរោគឆ្លងមួយចំនួន។ បញ្ហាមាត់ក្លិនស្អុយ អាចបណ្ដាលមកពីរបរអាហារមិនល្អ បញ្ហាអនាម័យក្នុងមាត់មិនស្អាត ឬបញ្ហាធ្មេញបង្កឡើងពីការជក់បារី ឬបញ្ហាសុខភាពផ្សេងៗ។

ប្រភេទចំណីអាហារដែលអាចនាំឱ្យមាត់មានក្លិនស្អុយ ដូចជាការបរិភោគ ខ្ទឹមបារាំង ខ្ទឹមស កាហ្វេ ប្រហុក និងត្រី គឺសុទ្ធតែជាដើមហេតុចម្បងៗ ធ្វើឱ្យមាត់មានក្លិនស្អុយ។

ផ្ទុយទៅវិញបញ្ហាមាត់មានក្លិនស្អុយដែលបណ្ដាលមកពីប្រព័ន្ធក្រពះពោះវៀន គឺមានតែ១០%ប៉ុណ្ណោះ។

ខាងក្រោមនេះ គឺវិធីសាស្រ្ដសាមញ្ញមួយចំនួនដើម្បីកម្ចាត់បញ្ហាក្លិនស្អុយក្នុងមាត់៖

ទី១ ការសម្អាតធ្មេញឱ្យបានទៀងទាត់ គឺជាវិធីសាស្រ្ដដ៏សំខាន់ក្នុងការព្យាបាលក្លិនស្អុយក្នុងមាត់ ហើយនឹងជួយឱ្យមាត់មានក្លិនធម្មតាវិញ។ Journal of Natural Science,Biology and Medicine  បញ្ជាក់ថា៩០%នៃបញ្ហាក្លិនស្អុយក្នុងមាត់ កើតឡើងដោយសារការខ្វះអនាម័យមាត់ ដូចជា ធ្មេញ អណ្ដាត។ ការដុះសម្អាតធ្មេញយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ដែលមានសម្អាតអណ្ដាត និងឆ្កឹះកាកសំណល់នៅតាមចន្លោះធ្មេញជាដើម គឺជាការអនុវត្តដ៏ល្អបំផុតដើម្បីឱ្យមាត់មានក្លិនធម្មតាវិញ។

ក្រុមវេជ្ជបណ្ឌិតមាត់ធ្មេញបានអះអាងថា ការដុសសម្អាធ្មេញតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ហើយបញ្ហាមាត់មានក្លិនស្អុយក៏មិនអាចកម្ចាត់បានដែរ ប្រសិនបើមិនបានកេះកាយកាកសំណល់តែតោងជាប់នៅតាមចន្លោះធ្មេញ។

ទី២ ការប្រើទឹកអំបិលដើម្បីជួយព្យាបាលក្លិនស្អុយក្នុងមាត់ គឺជាវិធីសាស្រ្ដដ៏ងាយស្រួលបំផុតដើម្បីកម្ចាត់បាក់តេរី ដែលបង្កឱ្យមានក្លិនស្អុយក្នុងមាត់។ ប្រើអំបិលចំនួន១ស្លាបព្រាកាហ្វេលាយជាមួយទឹកក្ដៅអ៊ុនៗចំនួន១កែវ ហើយយកទៅក្រពូមាត់ឱ្យបានមួយនាទីដើម្បីកម្ចាត់បាក់តេរី។

ទី៣ ប្រើដើមបន្ទាលកន្ទុយប្រពើដោយគ្រាន់តែយកសាច់បន្ទាលកន្ទុយក្រពើដល់លើច្រាស់ដុសធ្មេរ ហើយដុសសម្អាតធ្មេញឱ្យបានពីរឬបីនាទី ដើម្បីជួយកម្ចាត់កម្ទេចស្អិតៗនៅជាប់ធ្មេញ។ ការសិក្សាមួយក្នុងឆ្នាំ២០១៦បង្ហាញថា ដើមបន្ទាលកន្ទុយក្រពើ គឺមានប្រយោជន៍ក្នុងការព្យាបាលបញ្ហាមាត់ធ្មេញបានច្រើនប្រភេទ៕

ប្រភព៖ Healthy and Natural World