រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានអះអាងថា ចាប់ពីឆ្នាំ២០១៩ខាង​មុខតទៅ កម្ពុជានឹងបញ្ឈប់​លែងឱ្យមានការបោះចោលសំរាម  ឬក្រដាសជូតមាត់ចោល​នៅក្រោម​តុអាហារ នៅគ្រប់ អាហារដ្ឋាន ភោជនីយដ្ឋាន​ និងរមណីយដ្ឋានទាំងអស់ សម្រាប់​គោល​ដៅទេសចរណ៍នៅ ទូទាំងប្រទេស។  នេះបើតាមឯកឧត្តម ថោង ខុន បញ្ជាក់ប្រាប់អ្នក​សារ​ព័ត៌មាន​ កាលពីថ្ងៃទី ០១ តុលា។

បើតាមឯកឧត្តមរដ្ឋមន្រ្ដី បញ្ហាបរិស្ថាន អនាម័យនៅតាមភោជនីយ​ដ្ឋាន អាហារ​ដ្ឋាន និងរមណីយដ្ឋានក្នុងប្រទេសកម្ពុជា ត្រូវការចាំបាច់បំផុតគឺការចូលរួម របស់ប្រ​ជាពលរដ្ឋ ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការទទួលខុសត្រូវលើ ការទុកដាក់សំរាម ក្រដាសអនាម័យ​ពេល​បរិភោគអាហាររួច ដើម្បីធ្វើជាគំរូល្អក្នុងការចូលរួមថែរក្សា បរិស្ថាន អនាម័យ និងសោភ័ណ​ភាព ជាពិសេសទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគបរទេស ឱ្យមកកម្ពុជាកាន់តែ​ច្រើនថែមទៀត។

ការប្រកាសរបស់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍នេះ ធ្វើឡើងបន្ទាប់ពីមើល​ឃើញថា នៅតាម​អាហារ​ដ្ឋាន ភោជនីយដ្ឋាន ឬរមណីយដ្ឋានមួយចំនួន ភ្ញៀវដែលចូល ទទួលទានអា​ហារតែង​បោះសំរាមចោលក្រោមតុ ជាពិសេសក្រដាសជូតមាត់ ដែលប្រការនេះ ធ្វើឱ្យខ្វះអនាម័យ និងភាព​គ្មានរបៀបរបប ធ្វើឱ្យប៉ះ​ពាល់​ដល់សោភ័ណភាព និង​បរិស្ថាន៕