លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជាបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃព្រហស្បតិ៍នេះថា ការដែលកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះទូទៅ(GSP)ពីប្រទេសអង់​គ្លេស​ គឺមិនប្រាកដថា កម្ពុជាបានរួចពន្ធក្នុងការនាំទំនិញទៅអង់គ្លេសមួយរយភាគរយ ដូចការអនុគ្រោះពន្ធEBAនោះទេ ដោយសារGSPអាស្រ័យលើលក្ខខណ្ឌដែលអង់គ្លេសផ្តល់ឲ្យ ឬកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

លោកថា៖«យើងមិនដឹងថារួចពន្ធទាំងអស់ឬក៏យកពន្ធក្នុងតម្លៃទាបនោះទេ ពេលដែលកម្ពុជាទទួលបាន GSPពីអង់គ្លេស។ ប៉ុន្តែមិនអាចយកពន្ធតម្លៃខ្ពស់ដូចWTOទេ គឺមាន​ន័យ​ថា ក្នុងតម្លៃទាប និងមិនយក។ សម្រាប់កម្ពុជាគឺ EBA ល្អជាង GSP»។

លោកបន្តថា អំឡុងពេលប្រទេសអង់គ្លេសនៅក្នុងសហភាពអឺរ៉ុប តាមប្រព័ន្ធអនុគ្រោះពន្ធ គឺរាល់ការនាំទំនិញចូលអង់គ្លេសរបស់កម្ពុជាគឺមិនបានយកពន្ធនោះទេទេ ប៉ុន្តែនៅ​ពេលដែលប្រទេសនេះបានដាច់ខ្លួនចេញពីសហភាពអឺរ៉ុប គឺអង់គ្លេសត្រូវចុះកិច្ចព្រមព្រៀង​ជាមួយប្រទេសផ្សេងទៀតតាមប្រព័ន្ធអនុគ្រោះពន្ទរបស់ខ្លួនដូចជាGSP ឬ WTO។



កាលលើកឡើងរបស់លោក អាត់ ធន់ នេះ គឺបន្ទាប់ពីខាងសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC បានលើកឡើងថា ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប គឺអង់គ្លេសមានវិធានការថ្មីសម្រាប់ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជ​កម្មអន្តរជាតិដោយប្រទេសនេះ ហើយសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍនានា នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេសចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

សារណែនាំរបស់សមាគមរោងចក្រកាត់ចេញផ្សាយនៅថ្ងៃទី១៩វិច្ឆិកានេះបានបញ្ជាក់​ថា​៖«ចំពោះប្រព័ន្ធ GSP របស់អង់គ្លេសនឹងមានក្របខណ្ឌចំនួន ៣ មានដូចជា ក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។ កម្ពុជាដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសកំពុងអភិវឌ្ឍតិចតូចបំផុត គឺស្ថិតនៅក្នុងក្របខណ្ឌប្រទេសអភិវ្ឍតិចតួចបំផុត។ ដូច្នេះកម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធនិងគ្រឿងជាតិផ្ទុះ»។

យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអង់គ្លេស មានទំហំទឹកប្រាក់ប្រមាណ ១,០៥ ពាន់ដុល្លារនៅឆ្នាំ២០១៩ ដែលក្នុងនោះ កម្ពុជា​នាំចេញទៅអង់គ្លេសក្នុងទំហំទឹកប្រាក់ជាង៩៧៨លានដុល្លារអាមេរិក លើផលិត​ផលសម្លៀកបំពាក់ កង់ និងស្បែកជើង ខណៈអង់គ្លេសនាំចូលមកកម្ពុជាវិញភាគច្រើនជាគ្រឿងយន្ត៕