លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានបោសសម្អាតឱ្យអស់នូវអ្នកសារព័ត៌មានទាំងឡាយណា ដែលតែងជំរិតទារប្រាក់ ឬទទួលបានការសូកប៉ាន់ ជាថ្នូរនឹងការមិនចុះផ្សាយអំពីព័ត៌មានអាក្រក់។ លោកអះអាងថា សកម្មភាពជំរិតទារប្រាក់របស់អ្នកសារព័ត៌មានទាំងនេះ ភាគច្រើនពាក់ព័ន្ធជាមួយនឹងក្រុមជនកាប់បំផ្លាញព្រៃឈើ។

ការព្រមាននេះ ធ្វើឡើងនៅក្នុងជំនួបលើកទីពីររបស់លោក ជាមួយអ្នកសារព័ត៌មានជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្យកាលថ្ងៃទី ២ មករា ឆ្នាំ២០១៧។ លោក ហ៊ុន សែន បន្តថា លោកមានភស្ដុតាងជាឯកសារ និងសារសម្លេង របស់អ្នកសារព័ត៌មានដែលជំរិតទារប្រាក់ទាំងនេះ ប៉ុន្តែលោកថា លោកទុកឱកាសឱ្យពួកគេកែខ្លួនឡើងវិញ ហើយលោកមិនចង់ឃើញមានអ្នកសារព័ត៌មានប្រភេទនេះ កើតមានទៀតទេចាប់ពីពេលនេះតទៅ។ លោក បញ្ជាក់យ៉ាងនេះថា៖«សារព័ត៌មានប្រភេទនេះ គេបានធ្វើសកម្មភាព ប្រមាណជា៥ឆ្នាំមកហើយ ហើយជំរិតយកប្រាក់ពីមនុស្សក៏មិនតិចដែរ»

ក្រៅពីនេះ លោក ហ៊ុន សែន បន្ថែមថា លោកក៏មិនចង់ឱ្យមានទៀតទេ ចំពោះអ្នកសារព័ត៌មានដែលមានតែឈ្មោះ​តែគ្មានសកម្មភាព និងអ្នកសារព័ត៌មានខុសច្បាប់ ដែលលោកអះអាងថា មករកស៊ីបើកអាជីវកម្មនៅកម្ពុជាហើយ ប៉ុន្តែគេចវេសមិនបង់ពន្ធ និងមិនគោរពច្បាប់។ លោកនាយករដ្ឋមន្រ្តី ក៏បានសរសើរ រដ្ឋមន្រ្តីក្រសួងសារព័ត៌មាន លោក ខៀវ កញារីទ្ធ ដែលបានសម្រេចចាត់វិធានការណ៍បានមួយចំនួន ដូចជាការបិទស្ថាប័នសារព័ត៌មានខ្លះនាពេលកន្លងមក។

ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏បានស្នើទៅដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ជំហរកណ្ដាល ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ទៅកាន់ប្រជាពលរដ្ឋដែរ។

ទោះជាយ៉ាង ការបង្ខំបិទទ្វារបស់កាសែត ឌឹ ខែមបូឌាដេលី (The Cambodia Daily) ដោយសាររដ្ឋាភិបាលចោទប្រកាន់មិនបានបង់ពន្ធចូលរដ្ឋជាង៦លានដុល្លារអាមេរិក ការបិទទ្វារការិយាល័យរបស់វិទ្យុអាស៊ីសេរីនៅទីក្រុងភ្នំពេញ ការបិទទ្វារស្ថាន័យវិទ្យុជាច្រើនដែលផ្សាយបន្តពីកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី(RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) វិទ្យុសំឡេងដើម្បីប្រជាធិបតេយ្យ(VOD) និងស្ថានីយ៍វិទ្យុរបស់អតីតគណបក្សប្រឆាំង ត្រូវបានគេរិះគន់ថា គឺគ្រាន់តែវិធានការណ៍បង្រ្កាបមកលើប្រពន្ធ័ផ្សព្វផ្សាយឯករាជ្យរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។

កាលពីជំនួបជាមួយអ្នកសារព័ត៌មានលើកដំបូង កាលពីឆ្នាំ២០១៧ លោក ហ៊ុន សែន ក៏ធ្លាប់បានរិះគន់អ្នកអត្ថាធិប្បាយព័ត៌មានមួយចំនួន ដែលលោកអះអាងថា ពួកគេបានដើរតួនាទី ហួសជាអ្នកសារព័ត៌មាន ដោយតាំងខ្លួនជាសមត្ថកិច្ច និងរហូតទៅដល់តួនាទីជាប្រមុខរដ្ឋថែមទៀត៕