មន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈបានអះអាងថា គិតមកដល់ពេលនេះ មានពលករខ្មែរនៅថៃចំនួន១៥៣នាក់ហើយបានឆ្លងជំងឺកូវីដ ហើយថៃកំពុងព្យាបាលពលករខ្មែរទាំងនោះដោយមិនគិតថ្លៃ។ ការលើកឡើងនេះ ស្របពេលការផ្ទុះឡើងនៃជំងឺ​កូវីដ​១៩​នៅ​ថៃ បន្តរាលដាលទៅកាន់តំបន់ផ្សេងទៀត ជាពិសេសគឺជាឆ្លងចេញពីទីតាំងលេងល្បែង ដែលមានពលករខ្មែរជាច្រើនកំពុងបម្រើការ។

លោក ហេង សួរ មន្រ្តីនាំពាក្យក្រសួងការងារបានប្រាប់សារព័ត៌មានខ្មែរណាស់ខ្លីតាមតេ​ឡេ​ក្រាមនៅថ្ងៃទី៨មករានេះថា ជាគោលការណ៍រួមនៃក្របខណ្ឌរបស់អង្គការសុខភាពពិភពលោក គឺជំងឺកូវីដ១៩កើតឡើងនៅលើទឹកដីណា អាជ្ញាធរនោះត្រូវធ្វើចត្តាឡីស័ក និងព្យាបាលដោយមិនអនុញ្ញាតិឲ្យធ្វើដំណើរនោះទេ ហើយលោកថា ប្រទេសថៃបានជួយព្យាបាលពលករខ្មែរដោយមិនគិតថ្លៃ។

នៅថ្ងៃសុក្រនេះ ប្រទេសថៃ បានប្រកាសមានអ្នកឆ្លងថ្មីចំនួន២៩៥នាក់បន្ថែមទៀត ដែលបានធ្វើឱ្យករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនដល់៩៨៤១នាក់ បន្ទាប់ពីការផ្ទុះឡើងនៃការឆ្លងរលកទី២តាំងពីថ្ងៃទី១៨ធ្នូឆ្នាំ២០២០ ចេញពីស្រ្ដីអ្នកលក់ជនជាតិថៃនៅផ្សារលក់បង្គាខេត្តសាមុតសាខន គឺមកដល់ពេលនេះ បានរាលដាលទៅដល់ខេត្តក្រុងចំនួន៥៧ផ្សេងទៀត។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបានប្រកាសជាថ្មីដើម្បីចាត់វិធានការឆ្លើយតបបន្ទាន់លុបបំបាត់ល្បែងស៊ីសង និងការជួញដូរពលករខុសច្បាប់ចូលមកកាន់ប្រទេសថៃ ខណៈលោកបានស្ដីបន្ទោសថា ជាមូលហេតុនាំឱ្យថៃប្រឈមការរាតត្បាតខ្លាំងនៅពេលនេះ។

ការប្រកាសនេះបន្ទាប់ពីករណីឆ្លងរកឃើញក្នុងរយៈពេលចុងក្រោយនេះ គឺពាក់ព័ន្ធនឹងអ្នកចូលទៅលេងល្បែងស៊ីសងនៅតាមកាស៊ីណូ និងករណីខ្លះពាក់ព័ន្ធនឹងការនាំពលករចូលខុសច្បាប់ ដោយមិនបានត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

លោក ប្រាក់ ភត្រា អ្នកបកប្រែភាសានៅប្រទេសថៃបានលើកឡើងដែរថា តំបន់ដែលពល​ករខ្មែរឆ្លងជំងឺកូវីដ១៩ មានដូចជា ខេត្តឈុនបុរី ខេត្តរ៉ាក់យ៉ង ខេត្តចាន់បុរី ខេត្តសាមុត​ប្រាកាន ខេត្តត្រាត ទីក្រុងបាងកក ខេត្តបាធុមថានី ខេត្តនុនថាក់បុរី ខេត្ត​ណា​ខន​ណាយ៉ុក និងខេត្តខេត្តសង់ក្លាជាដើម។



លោកបន្តថា នៅពេលនេះ រដ្ឋាភិបាលថៃកំពុងសម្រុករឹតបន្តឹងត្រួតពិនិត្យពលករខុសច្បាប់ និងពលរកដែលកំពុងធ្វើការនៅតាមកាស៊ីណូ និងកន្លែងប្រឈមឆ្លងផ្សេងៗទៀត​។

លោកថា«បន្ទាប់ពីឆ្លងនៅរោងចក្រនៅខេត្តសាមុតសាខនមក មានអ្នកឆ្លងធំបំផុតនៅកន្លែងកាស៊ីណូ ដែលភាគច្រើនសុទ្ធតែមានពលករខ្មែរយើងធ្វើការ ដូចជានៅ រ៉ាក់​យ៉ង ឈុនបុរី គឺឆ្លងពីកន្លែងលេងល្បែង»។

លោកបានបញ្ជាក់ថា ការឆ្លងលើកនេះគឺពិតជាគួរឲ្យបារម្ភខ្លាំងជាងមុនទៅទៀត ហើយប្រសិនបើឆ្លងលើពលករខ្មែរគឺកាន់តែពិបាកទប់ស្កាត់ណាស់ ដោយសារពួកគេមួយចំនួននឹងមិនហ៊ានចេញទៅឲ្យគេពិនិត្យសុខភាពឡើយ ជាពិសេសអ្នកធ្វើការនៅកាស៊ីណូ ដែល​ភាគច្រើនជាពលករខុសច្បាប់។

លោកថា«ការដែលគាត់មិនទៅឲ្យគេពិនិត្យរកជំងឺកូវីដ១៩ ដូចជានៅផ្ទុកជំងឺនេះក្នុងខ្លួន ហើយបើគាត់ទៅខ្មែរវិញគឺចម្លងទៅអ្នកនៅខ្មែរ។ ព្រោះថាឥឡូវនេះយើងឃើញថាអ្នកដែលចេញទៅខ្មែរឆ្លង ដែលពួកគាត់ឆ្លងពីអ្នកនៅថៃ សុទ្ធតែអ្នកដែលធ្វើការនៅកន្លែងការស៊ីណូ។ កាលឆ្លងនៅសមុតសាខនមិនមានពលករខ្មែរយើងឆ្លងទេ ព្រោះគាត់ធ្វើការ​ងារ​សំណង់ មិនបានចេញទៅកន្លែងដែលឆ្លងនោះទេ»។

លោក លឹង សុផុន មន្ត្រីសង្គមស៊ីវិលផ្អែកអន្តោប្រវេសន៍នៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំនៅប្រទេសថៃ បានលើកឡើងដែរថា ពលករខ្មែរនៅប្រទេស​ថៃគួរមានការប្រយ័ត្នប្រយែងការពារខ្លួនឯង ព្រោះនៅថៃពេលនេះគ្រប់គ្រងស្ថានការណ៍លែងបានហើយ៕

គួរបញ្ចាក់ផងដែរ គិតត្រឹមថ្ងៃទី៨ ខែមករានេះ ពលករខ្មែរមកពីថៃឆ្លងកូវីដ១៩ កើនដល់ចំនួន២១ នាក់ ហើយក្នុងចំណោម២១នាក់នេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចំនួន ៦នាក់ និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន១៣នាក់ និងមន្ទីរពេទ្យបង្អែកបន្ទាយមានជ័យចំនួន២នាក់៕