បាត់ដំបង៖ ធ្យូងអនាម័យ គឺជាធ្យូងមួយប្រភេទដែលផលិតចេញពីត្រឡោកដូង ឈើអាចម៍រណា និងសំណល់ផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់លោក ហេង មករា ម្ចាស់សិប្បកម្មធ្យូងអនាម័យ។

លោក មករា ​​​បង្កើតសិប្បកម្មផលិតធ្យូងនេះឡើង ក្នុងគោលបំណងចូលរួម​ចំណែក​សំអាតបរិស្ថាន កាត់បន្ថយការកាប់ឈើធ្វើធ្យូង ជួយកាត់បន្ថយការ​ចំណាយរបស់​ពលរដ្ឋជាដើម។ ធ្យូងអនាម័យដុតមិនផ្ទុះ និងគ្មានផ្សែងដូចធ្យូងអុសធម្មតាទេ។ សិប្បកម្មធ្យូង​​អនាម័យរបស់​លោក ហេង មករា មានទីតាំងស្ថិតក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមលោក ហេង មករា វត្ថុធាតុដើមមិនពិបាករកទេ ព្រោះជាសំណល់ ដែល​ពលរដ្ឋប្រមូលអោយដោយសំណល់ទាំងនេះមានដូចជា សំណល់ឈើ និង​ត្រឡោកដូងជាដើម ដែលសំណល់ទាំងនេះ មាននៅស្ទើរគ្រប់ទីកន្លែង។

លោក ហេង មករា បញ្ជាក់ប្រាប់ថា ក្នុង ១ថ្ងៃ សិប្បកម្មលោក ផលិតធ្យូងអនាម័យ​បានជាង ១តោន ឬ ១ខែ បានជាង ២៥តោន តាមតម្រូវការទីផ្សារក្នុងស្រុក។

«ទីផ្សារធ្យូងអនាម័យវិញ មិនទាន់ទូលំទូលាយនៅឡើយទេ គឺពលរដ្ឋមិនទាន់ស្គាល់ថា អ្វីជាធ្យូងអនាម័យ និងធ្យូងបរិស្ថានច្បាស់នៅឡើយ។ នេះជាការ​បញ្ជាក់បន្ថែមរបស់​សិប្បកម្មធ្យូងបរិស្ថាន។

លោក ហេង មករា បង្ហើបប្រាប់ថា ការបង្កើតសិប្បកម្មធ្យូងអនាម័យនេះ គឺជាការលំ​បាកខ្លាំងណាស់ ព្រោះត្រូវប្រឆាំងជាមួយធ្យូងឧស ដែលកំពុងចរាចរណ៍​នៅទូទាំង​ប្រទេស។

ម្ចាស់សិប្បកម្មវ័យ ៣៦ឆ្នាំរូបនេះ លើកឡើងថា បច្ចុប្បន្នធ្យូងអនាម័យបាននឹង​កំពុង​ចរាចរណ៍ទៅ​ដល់ខេត្តមួយចំនួនហើយ ហើយស្តុកធំគឺមាននៅក្នុងរាជធានីភ្នំពេញ។

«សព្វថ្ងៃបរទេសកំពុងតែចាប់អារម្មណ៍ច្រើន ទៅលើធ្យូងអនាម័យបើ​សិនជា​ពល​រដ្ឋខ្មែរសហការ​ផលិតទំនិញនេះ នឹងមានឱកាសចេញទៅក្រៅប្រទេសនាថ្ងៃខាងមុខ»។ នេះជាការអះអាងរបស់លោក ហេង មករា៕

អត្ថបទ៖ សាវតា