ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានមានប្រសាសន៍ថា អ្នកបើកបររថយន្ដចំនួន២៥ភាគរយ រកឃើញថា គឺប័ណ្ណ​បើកបរ មិនត្រឹមត្រូវតាមច្បាប់កំណត់ ហើយ១០ភាគរយគ្មានប័ណ្ណបើកបរ ឬប្រើ​ប្រាស់ប័ណ្ណបើកបរ ក្លែងក្លាយ។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្រោយពិធីសម្ពោធដាក់ឱ្យដំណើរការជា​ផ្លូវការមជ្ឈ​មណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្ដធុនធ្ងន់ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ចាប់ពីពេលនេះទៅក្រសួងសាធារណការ តម្រូវ​ឱ្យអ្នកបើកបរ ត្រូវមានប័ណ្ណបើកបរឱ្យបានត្រឹមត្រូវ និងទៅតាមប្រភេទ​យាន​យន្ដក្នុង​ការបើកបរ ជាពិសេសស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការចូលរួមគោរព​ច្បាប់​ឱ្យបានទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បច្ចុប្បន្ននេះ រថយន្ដធុនធ្ងន់ដែលបានចុះបញ្ជីនៅក្រសួងគឺមាន​ចំនួនជាង២៣ម៉ឺន​គ្រឿង ហើយ អ្នកដែលមានប័ណ្ណបើកបររថយន្ដប្រភេទនេះគឺប្រមាណ​តែ៦០ភាគរយ​តែប៉ុណ្ណោះ៕