រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ឲ្យក្រុមហ៊ុនជួសជុល និងសាងសង់កំណាត់ផ្លូវ ជាតិលេខ៣ ពីទីរួមខេត្តកំពតទៅរង្វង់មូលវាលរេញ ពិនិត្យនិងកែតម្រូវឡើងវិញឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន។

កាលដាក់កំហិតនេះ បានធ្វើឡើង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅពេលដែលលោក ស៊ុន ចាន់ថុល ដឹកនាំ ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ ដែលកំពុងជួសជុលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ។ រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្នែកខ្លះនៃកំណាត់ផ្លូវនេះ សាងសង់មិន ទាន់ស្របតាមលក្ខណៈ បច្ចេកទេស ដោយត្រង់ចំណុចដែល បានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ដែលត្រូវចាត់វិធានការដោះស្រាយ ឲ្យបានទាន់ពេលវេលា។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ យ៉ាងដូច្នេះថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហរយើង «ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ»៕

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅរង្វង់មូលវាលរេញ (ចំណុចប្រសព្វផ្លូវជាតិលេខ៤ និងលេខ៣) មានប្រវែងសរុប ៥៤,៣០ គម ស្ថិតក្រោមគម្រោងជួសជុល និងសាងសង់ឡើងវិញ ជាប្រភេទផ្លូវបេតុង កៅស៊ូ (AC)។ កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមជួសជុល និងសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ អនុវត្តគម្រោងមានរយៈពេល១៨ ខែ និងថែទាំប្រចាំរយៈពេល៣៦ខែ ចំណាយថវិកា ប្រមាណ ១២,០៦១លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក បច្ចុប្បន្ន គម្រោងផ្លូវនេះអនុវត្តការជួសជុល និងសាងសង់សម្រេចបាន ៦៧,៥០%ហើយ និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។