ខ្សែជីវិត៖ ផ្តើមចេញពីជីវិតក្មេងវត្ត លោក សុខ សុថា ជានាយកសមាគម​សហព័ន្ធ​កសិករ​​កម្ពុជា នៃអ្នកផលិតកសិកម្ម បានចំណាយពេលជិត ២០ឆ្នាំ ប្រឡូក្នុង​វិស័យ​នេះ និងបានជួយ កសិកររាប់ម៉ឺននាក់ ឲ្យមានចំណេះដឹងផ្នែកកសិកម្ម ដើម្បីបង្កើន​ទិន្នផល ស្ទើរទូទាំង ប្រទេស ជាពិសេសកសិករនៅខេត្តស្វាយរៀង។


លោក សុខ សុថា គឺជានាយកសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម ដែលមានមូលដ្ឋានការិយាល័យនៅក្នុងខេត្តស្វាយរៀង។ លោកបានចំណាយពេល ប្រឡូក្នុងវិស័យកសិកម្មរយៈពេលជិត ២០ឆ្នំាហើយ ដោយបង្កើតជាសមាគមកសិករ នៅឆ្នាំ ២០០២ និងដំណើរវិវឌ្ឍន៍ទៅជាសហព័ន្ធនៅឆ្នាំ ២០០៧។

ដោយសារតែមើលឃើញពីសមត្ថភាពការផលិតរបស់កសិករកម្ពុជានៅមានកម្រិត មិនអាចប្រកួតប្រជែងជាមួយកសិករប្រទេសដទៃបាន អ្នកជំនាញកសិកម្មលោក សុថា ក៏បានចងក្រង បង្កើតជាសៀវភៅ ដើម្បីផ្តល់ជាចំណេះដឹងបន្ថែម ជូនដល់កសិករ ឲ្យក្លាយជាអ្នកជំនាញកសិកម្ម។

កម្ពុជាមានផ្ទៃដីកសិកម្មជាង ៨០% ប៉ុន្តែក្រឡេកទៅមើលកសិករ នៅមានទម្លាប់ប្រកប ការងារកសិកម្មបែបបុរាណច្រើននៅឡើយ ដែលទម្លាប់ទាំងនេះ ធ្វើឲ្យទិន្នផលកសិកម្ម មិនសូវកើនឡើង។ ប៉ុន្តែទោះជាយ៉ាងណា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផ​លនៃការផលិតរបស់កសិកម្មខ្មែរ មានការកើនឡើងច្រើន បន្ទាប់ពីទទួលបាន ចំណេះ ដឹងតាមរយៈវគ្គបណ្តុះបណ្តាលផ្សេងៗពីអ្នកជំនាញ។

​ពាក់ព័ន្ធនឹងវិស័យកសិកម្មនេះលោក សុខ សុថា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ លោកបានជួយបណ្តុះកសិករ ឲ្យក្លាយជាអ្នកជំនាញកសិកម្មបានជាង ១០ម៉ឺនគ្រួសារ ហើយ នៅទូទាំងប្រទេស។

រំលឹកអំពីខ្សែជីវិតរបស់នាយកសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម លោក សុខ សុថា កើតក្នុងត្រកូលគ្រួសារកសិករ នៅក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយ រៀង។ លោកកើតនៅឆ្នាំ ១៩៧៣ ជាកូនប្រុសច្បងនៅក្នុងចំណោមបងប្អូនបង្កើត ៤នាក់។ សុថា ស្រលាញ់វិស័យកសិកម្មតាំងពីក្មេងមក។

ក្រោយបញ្ចប់បាក់ឌុបលោក មិនបានបន្តការសិក្សាចូលមហាវិទ្យាល័យភ្លាមៗនោះទេ ដោយសារកត្តាជីវភាព។ ព្រោះតែជីវភាពខ្វះខាតនេះហើយ បណ្តាលឲ្យយុវជន សុខ សុថា រស់ដោយសារបាយវត្តជិត ១០ឆ្នាំ ទម្រាំបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។

លោក សុថា ស្នាក់នៅវត្តនេះ គោលបំណងគឺបំពេញវិជ្ជាបន្ថែម ជាពិសេសផ្នែកភាសា បរទេស និងបង្រៀនគួរ ដើម្បីទទួលបានចំណូលផ្គត់ផ្គង់ជីវភាពប្រចាំ និងសន្សំត្រៀម បន្តការសិក្សាថ្នាក់ឧត្តម។

ក្រោយពីមានលទ្ធភាពអាចបន្តការសិក្សានៅឆ្នាំ ២០០៧ លោក សុថា ក៏ចូលរៀនថ្នាក់ មហាវិទ្យាល័យ គឺនៅក្នុងវ័យជាង ៣០ឆ្នាំហើយ។ ប៉ុន្តែមុននឹងបន្តការសិក្សានេះ លោក បានរៀបអាពាហ៍ពិពាហ៍រួចហើយ ពោលគឺនៅឆ្នាំ ១៩៩៨ រហូតទទួល បានកូន ប្រុសចំនួនពីរនាក់នាពេលបច្ចុប្បន្ន​៕

អត្ថបទ៖ សាវតា