លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចាប់ផ្ដើមចុះជួបកសិករឡើងវិញពីថ្ងៃ​ទី​២១​វិច្ឆិកានេះ បន្ទាប់ពីលោកបានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ និងបានធ្វើតេស្ដអវិជ្ជ​មានកូវីដ១៩ចំនួន៤លើកកាលពីថ្ងៃទី១៨វិច្ឆិកា ក្រោយពីបានប៉ះពាល់និងចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រីកាលពីថ្ងៃទី៣វិច្ឆិកា។

លោក វេង​សាខុន បានបង្ហោះនៅក្នុងហ្វេសប៊ុកនៅព្រឹកនេះថា៖«ដំណើរបំពេញបេស​កកម្ម​រយ:ពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ទៅកាន់ខេត្តគោលដៅចំនួន​៥ គឺខេត្តកំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀម​រាប និងខេត្តកំពង់ធំ ក្នុងគោលបំណងសំខាន់៣»។

លោកអះអាងថា ការចុះបំពេញបេសកកម្មនេះ គឺដើម្បីចុះពិនិត្យមើលលទ្ធផលនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពីប្រជាកសិករទទួលបានស្រូវពូជ ពិនិត្យស្ថានភាពប្រភព​ទឹកនៅលើទីតាំងដែលបានស្តារ និងការព្យាករណ៍ការប្រើប្រាស់ទឹកដល់ការប្រមូល​ផល និងការពិនិត្យ និងវាយតម្លៃលើគុណភាពពូជស្រូវ ដើម្បីទុកជាទឡ្ហីករណ៍សម្រាប់ការ ស្រាវជ្រាវ និងផលិតពូជស្រូវឲ្យកាន់តែល្អប្រសើរឡើងទាំងក្នុងស្ថានីយន៍រដ្ឋ ក្រុមហ៊ុនឯក​ជន និងសហគមន៍កសិកម្ម។



លោក វេង សាខុន ធ្លាប់បានសារព័ត៌មានខ្មែរណាស់កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបាន​ចំណាយពូជស្រូវជាង៦ពាន់តោន ក្នុងនោះមានប្រហែល១០០តោនដែលនាំចូលពីប្រទេស​វៀតណាម ដើម្បីចែកជូនកសិករនៅក្នុងខេត្តក្រុងចំនួន១៩ដែលទើបរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។

នៅព្រឹកថ្ងៃសៅរ៌នេះ លោកបាន វេង សាខុន បានចុះទៅជួបកសិករដែលដាំស្រូវស្ដារឡើងវិញ នៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង ខណៈលោកអះអាងថា ស្រូវ​ដែលរងគ្រោះទឹកជំនន់នឹងមិនអាចស្ដារឡើងវិញទាំងស្រុងនោះទេ គឺខេត្តខ្លះអាចស្ដារឡើងវិញបានពី២០ទៅ៣០ភាគរយប៉ុណ្ណោះ។

គ្រោះទឹកជំនន់កាលពីខែតុលា បានធ្វើឱ្យប៉ះពាល់ស្រូវចំនួន ៣១៤ ៤០៨ ហិកា ក្នុងនោះសង្គ្រោះបាន ១៣០ ៥៨៦ ហិកតា និងខូចខាតចំនួន ១៣២ ០០០ ហិកតាជាង ខណៈការស្ដារឡើងវិញទើបបានជាង៧ពាន់ហិកតាប៉ុណ្ណោះគិតត្រឹមថ្ងៃទី១៩វិច្ឆិកា៕