កម្ពុជាពុំទាន់អាចផលិតដំណាំសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ឱ្យពលរដ្ឋរបស់ខ្លួននៅ​ឡើយ ហើយក្នុងមួយឆ្នាំៗបានតម្រូវឱ្យនាំចូលបន្លែចំនួនរាប់ម៉ឺនតោនពីប្រទេសជិតខាង។ រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកឡើងថា ការដោះស្រាយបញ្ហាខ្វះខាតបន្លែផ្គត់ផ្គង់ក្នុងស្រុកនេះ គឺជាបញ្ហាចាក់ស្រះមួយដែលពិបាកនឹងដោះស្រាយចេញ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានប្រាប់សារព័ត៌​មានខ្មែរណាស់នៅថ្ងៃអង្គារ៌ម្សិលមិញថា ប្រភេទបន្លែដែលកម្ពុជានាំចូល គឺសុទ្ធតែបន្លែដែលពលរដ្ឋពុំអាចផលិតបាន ដោយសារតែស្ថានភាពអាកាសធាតុ ក្នុងនោះភាគច្រើនជាខ្ទឹមស ដំឡូងបារាំង និងមានស្ពៃខ្តោប។

លោកបន្តថា ប្រទេសកម្ពុជាមានអាកាសធាតុក្តៅ ដែលធ្វើឱ្យកសិករមិនអាចផលិតបន្លែទាំងនោះបាន ហើយបើទោះជាផលិតបាន ក៏ត្រូវប្រឈមនឹងការលក់មិនចំណេញថែមទៀត ដោយពពួកបន្លែទាំងនេះ ត្រូវការមើលថែទាំនិងចំណាយទុនច្រើន។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«ដូចស្ពៃខ្តោបចឹងខែត្រជាក់ដាំទៅល្អតែម្តង ឥឡូវសាកបទៅដាំនៅខែក្តៅវិញ បើមិនដង្កូវស៊ីខ្ទេច។ ដូច្នេះ! កសិករដើម្បីដាំវាបានត្រូវប្រើថ្នាំច្រើនចំណាយច្រើន ហើយស្ពៃក្តោបក៏អត់ល្អដែរ អត់ដូចខែត្រជាក់ ហើយកាលណាចំណាយច្រើនលក់ចេញវិញត្រូវតែថ្លៃជាងគេ នេះជាបញ្ហា»។

លោកបញ្ជាក់ថា ដំឡូងបារាំង ស្ពៃខ្តោប និងខ្ទឹមសរ ដែលអាចដាំបានតែនៅតំបន់ត្រជាក់ គឺមានតែខេត្តមណ្ឌលគិរីប៉ុណ្ណោះ ហើយថ្វីត្បិតខេត្តនេះមានអាកាសធាតុល្អជាងខេត្តផ្សេងទៀត ក៏កសិករនៅតែប្រឈមបញ្ហាជាច្រើនដែរ។

លោកថ្លែងបន្តថា៖«យើងសាកជោគជ័យហើយ ក៏ប៉ុន្តែសួរថា តើមានក្រសួងណាខ្លះទៅ​ជួយ​យើងកើត ហេដ្ឋារចនាសម្ព័ន ប្រព័ន្ធទឹកស្រោចស្រព វាអត់មាន។ យើងអត់អាចទៅរួចទេ នេះជាបញ្ហាប្រឈមរបស់ខ្ញុំណាស់ វាចាក់ស្រេះគ្នាចឹងណា»។



ចំពោះការផលិតដំណាំសុវត្ថិភាពដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ និងឈប់នាំចូលពីខាងក្រៅនោះ។  លោក វេង សាខុន បញ្ជាក់ថា​ ក្តីសង្ឃឹមនេះ គឺត្រូវរង់ចាំពេលក្រសួង​កសិកម្ម ដោះស្រាយបញ្ហាមួយចំនួនសិន ដូចជា បញ្ហាមធ្យោបាយផលិត និងការរៀបចំឱ្យមានទីផ្សារលក់រាយ និងលក់ដុំជាដើម។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបង្ហាញថា ក្នុងឆ្នាំ២០២០នេះ តម្រូវការបន្លែនៅក្នុងស្រុកមានជាង១លានតោន ប៉ុន្តែលទ្ធភាពដែលកម្ពុជាផលិតបាន គឺមានត្រឹមតែជាង៦០ម៉ឺនតោន និងតម្រូវឱ្យនាំចូលបន្ថែមជាង៣០ម៉ឺនតោនដើម្បីផ្គត់ផ្គង់នៅក្នុងស្រុក ហើយភាគច្រើនជាបន្លែមិនអាចផលិតបាន។

លោក ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានលើកឡើងថា ថ្វីត្បិតកម្ពុជាមិនអាចបិទការនាំចូលភ្លាមៗបាន ប៉ុន្តែក្រសួងកសិកម្មគួររៀបចំយន្តការនានា ដើម្បីទប់ស្កាត់ការនាំចូលនាពេលអនាគតដ៏ខ្លី ដូចជាត្រូវសិក្សាស្រាវជ្រាវ​រក​ពូជដំណាំទាំងនោះ ដែលស៊ាំជាមួយស្ថានភាពអាកាសធាតុកម្ពុជា និងអាចដាំនៅកម្ពុជា​បាន។

លោកថ្លែងដូច្នេះថា៖«យើងយល់អំពីផលវិបាកនៅពេលដែលយើងបិទការនាំចូលភ្លាមៗបែបនេះ ក៏ប៉ុន្តែយើងត្រួវតែដោះស្រាយបញ្ហានេះដើម្បីកសិករ»។

លោកបន្តថា ក្រសួង និងស្ថាប័នពាក់ព័ន្ធគួរតែចូលរួមដោះស្រាយបញ្ហារបស់កសិករមួយនេះ ចៀសវាងទម្លាក់បញ្ហាមួយនេះទៅលើតែក្រសួងកសិកម្ម៕