លោក វុទ្ធី បច្ចុប្បន្នមានអាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តក​ណ្តាល​។ លោកមានចំណេះដឹងអាចនិយាយភាសាចិនបានយ៉ាងល្អ ក្នងការទំនាក់ទំនង។ លោក វុទ្ធី បានបោះបង់អាជីពការងារនៅក្រុមហ៊ុន ដោយងាកមកចាប់របរលក់ផ្លែ​ឈើតាមរ៉ឺម៉កវិញ។

ហេតុអ្វីបានជាលោក បោះបង់អាជីពការងារហើយងាកមកចាប់របរនេះវិញ?

លោក វុទ្ធី រៀបរាប់ដូច្នេះថា« កាលពីមុនខ្ញុំធ្វើការដែរ តែធ្វើការអត់សេរីភាព ខ្ញុំក៏ចាប់​អាជីពនេះវិញ។ ចាប់អាជីពលក់ដូរនេះ អាចចិញ្ចឹមគ្រួសារខ្ញុំគ្រប់គ្រាន់ ចំណូល​បាន​រាល់ថ្ងៃ ក្នុង១ថ្ងៃអាចបាន ១០ម៉ឺនរៀលដែរ ដែលចំណូលនេះ​ ប្រសើរជាងការ​ធ្វើការឲ្យគេ»។

លោក វុទ្ធី ប្រកបរបរនេះជាង ២ឆ្នាំហើយ។ លោកអ្នកឃើញនៅលើរ៉ឺម៉កលោក វុទ្ធី មានតែចេក និងស្វាយកែវមាស តែតាមពិតលោក មានលក់ផ្លែឈើចម្រុះជាច្រើនទៀត ដូចជា ម្នាស់ មង្ឃុត ជាដើម។

ភាគច្រើនអតិថិជនរបស់លោក វុទ្ធី ជាជនបរទេស ពិសេសជនជាតិចិន។ លោក តែងតែលក់នៅក្បែរវិមានឯករាជ្យ វត្តភ្នំ និងមុខព្រះបរមរាជវាំងជាដើម។

ចំណូលដែលរកបានប្រចាំថ្ងៃពីអាជីពនេះ លោក វុទ្ធី យកទៅផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូន។ អនាគតលោក អះអាងថា មិនបោះបង់អាជីពនេះទេ ពោលគឺមានតែពង្រីករបរនេះបន្ថែមទៀតនាថ្ងៃខាងមុខ៕

សូមទស្សនាវីដេអូខាងក្រោម៖