
លោក រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ក្រសួងនឹងអនុវត្តតាមការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ដើម្បីរៀបចំបើកដំណើរការសាលារៀនឡើងវិញនៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្ដាល ក្រោយបិទបញ្ចប់ព្រឹត្តការណ៍៣វិច្ឆិកា។
អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកាទាំង២៤ ក្នុងនោះមានសាលារៀនរដ្ឋចំនួន៩ សាលារៀនឯកជនចំនួន១០ មន្ទីរអប់រំចំនួន៤ និងក្លឹបហាត់កីឡាចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានបិទជាបន្តបន្ទាប់ក្រោយមានអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍៣វិច្ឆិកា។
សម្ដេច ហ៊ុន សែន បានលើកឡើងតាមហ្វេសប៊ុកនៅព្រឹកមិញថា នៅរាជធានីភ្នំពេញមានមនុស្សចំនួន១៥៦៩នាក់ ក្នុងនោះមាន៤នាក់ធ្វើតេស្ដវិជ្ជមានកូវី និងខេត្តកណ្តាលមានចំនួន៦៧នាក់ ដែលបានពាក់ព័ន្ធនឹងព្រឹត្តការណ៍៣វិច្ឆិកា។
សម្ដេចបញ្ជាក់ថា ព្រឹត្តការណ៍៣វិច្ឆិកានេះ នឹងបញ្ចប់នៅភ្នំពេញនិងខេត្តកណ្ដាលនៅថ្ងៃទី១៩វិច្ឆិកា ក្រោយអ្នកប៉ះពាល់ទាំងអស់បានចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខាភិបាល។
សម្ដេចថា៖«ការបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំយុវជននិងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវលទៅរកភាពប្រក្រតីដូចមុនថ្ងៃ០៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល»៕