ដោយរាប់ចាប់ពីថ្ងៃទី ១៨ ខែមករា នេះ តទៅ សហភាពអឺរ៉ុប នឹងចាប់ផ្តើមយកពន្ធលើការនាំចូលអង្កររបស់កម្ពុជាជាផ្លូវការហើយ ក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ១៦ ខែមករា។ បណ្ឌិតផ្នែកកសិកម្មលោក យ៉ង សាំងកុមារ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះវិធានការនេះ។ 

បណ្ឌិតផ្នែកកសិកម្មមកពីអាល្លឺម៉ង់រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖«គួរឲ្យសោកស្តាយណាស់ដែលការសម្រេចចិត្តរបៀបនេះកេីតមានឡេីង។កម្ពុជាហាក់ដូចជាមិនបានត្រៀមខ្លួនសម្រាប់វិធានការនេះទេ។យេីងមានសហព័ន្ធស្រូវអង្ករនិងក្រសួងពាន់ព័ន្ធជាច្រេីនដែលត្រូវរួមគ្នាធ្វេីការសង្រ្គោះវិស័យស្រូវអង្ករខ្មែរ។ ល្មមនាំគ្នាធ្វេីការធំដុំដេីម្បីសេដ្ឋកិច្ចជាតិហេីយដោយកុំគិតតែពីតំណែងអ្នកធំឯកឧត្តមច្រេីនពេក»។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក យ៉ង សាំងកុមារ ក៏សំឡឺងឃើញថា វិធានការរបស់អឺរ៉ុបនេះ ក៏កាន់តែធ្វើឲ្យគោលនយោបាយនាំអង្ករចេញមួយលានតោនរបស់កម្ពុជា កាន់តែនៅឆ្ងាយ។ «ខ្មែរត្រូវបង់ពន្ធអង្ករចូលទីផ្សារអឺរ៉ុបរយៈពេល៣ឆ្នាំគឺចាប់ពីថ្ងៃ ១៨ មករា ២០១៩ នេះទៅហេីយ។កសិករខ្មែរមានតែពឹងប្រទេសជិតខាងដេីម្បីដកដង្ហេីមហេីយ។គោលនយោបាយ ១លានតោនក៏កាន់តែឆ្ងាយសន្លឹមដែរ»។ នេះការបន្ថែមរបស់អ្នកជំនាញកសិកម្មខាងលើ។ 

បើតាមសេចក្តីប្រកាសព័ត៌មានដដែល រាល់ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេសសមាជិកអឺរ៉ុបចំនួន ២៨ នឹងត្រូវយកព័ន្ធក្នុងឆ្នាំដំបូង ពោលគឺឆ្នាំ ២០១៩ ក្នុងអង្ករមួយតោនប្រមាណ ២០០ ដុល្លារ និងឆ្នាំ ២០២០ ក្នុងមួយតោនប្រមាណ ១៧០ ដុល្លារ និងឆ្នាំ ២០២១ យកពន្ធ ១៤២ ដុល្លារ ក្នុងមួយតោន។ 

ការសម្រេចបែបនេះ ធ្វើឡើងក្រោយពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ បានដាក់ពាក្យបណ្តឹងទៅកាន់សហភាពអឺរ៉ុប ឲ្យឈប់នាំចូលអង្ករពីកម្ពុជា ក្រោមហេតុផលថា ការឲ្យនាំចូលអង្ករកម្ពុជាទៅអឺរ៉ុប ប៉ះពាល់ដល់កសិកររបស់ប្រទេសទាំងនោះ។ ប្រទេសចំនួន៧ មានបារាំង អេស្បាញ ពរ័ទុយហ្គាល ហុងគ្រី ក្រិក ប៊ុលហ្ការី និងរ៉ូម៉ានី បានបោះឆ្នោតគាំទ្រវិធានការ ដែលជាហេតុឲ្យគណៈកម្មការនេះសម្រេចយកពន្ធពីកម្ពុជា។ 

សូមបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទីផ្សារធំបំផុតរបស់កម្ពុជា ក្នុងការនាំអង្ករចេញ។ ឆ្នាំ ២០១៨ កម្ពុជានាំចេញទៅកាន់អឺរ៉ុប ចំនួនជិត២៧ម៉ឺនតោន ពោលគឺស្មើនឹង៤២.៩៨ភាគរយនៃចំនួនអង្ករដែលបាននាំចេញសរុប។ 

មិនមែនតែកម្ពុជាមួយនេះទេដែលអឺរ៉ុបសម្រេចយកពន្ធអង្ករ នៅក្នុងតំបន់អាស៊ាននេះ ក៏មានប្រទេសមីយ៉ាន់ម៉ា ដែលត្រូវអឺរ៉ុបសម្រេចយកពន្ធដូចគ្នានឹងកម្ពុជាផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។