
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា សុន្ទរកថារបស់លោកដែលបានថ្លែងឡើងនៅមុនពេលមានកុបកម្មវាយប្រហារទៅលើវិមានរដ្ឋសភាកាលពីសប្តាហ៍មុន ដែលលោកបានអំពាវនាវឱ្យអ្នកគាំទ្រទៅប្រមូលផ្ដុំនៅសភា គឺជាសន្ទរកថាដ៏សមរម្យបំផុត។
លោកក៏បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យដើម្បីចោទប្រកាន់លោកពីបទញុះញង់ឱ្យមានអំពើបះបោរ ថាជារឿងគួរឱ្យអស់សំណើច ខណៈលោក ត្រាំ នឹងត្រូវផុតអាណត្តិនៅថ្ងៃទី២០មករា គឺនៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃឌិន នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី។
គេរំពឹងថាតំណាងរាស្ត្រអាមេរិកនឹងបោះឆ្នោតលើមាត្រាមួយដើម្បីចោទប្រកាន់លោក ត្រាំ នៅថ្ងៃពុធនេះ។ ប៉ុន្តែលោក ត្រាំ បាននិយាយដូច្នេះថា៖«ខ្ញុំគិតថាវា(ការចោទប្រកាន់)ជានីតិវិធីនៃការបង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រទេសរបស់យើង ហើយវាបង្កឱ្យមានកំហឹងយ៉ាងខ្លាំង។ ខ្ញុំមិនចង់បានអំពើហឹង្សានោះទេ»។
លោក ត្រាំ បានថ្លែងបែបនេះ មុនពេលលោកចាកចេញពីសេតវិមាន ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋតិចសាស់កាលពីថ្ងៃអង្គារ៌ ដើម្បីពិនិត្យមើលផ្នែកមួយនៃជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិក។ នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីមានអំពើហឹង្សាផ្ទុះឡើងនៅវិមានរដ្ឋសភា ដែលបានបណ្ដាលឱ្យប៉ូលីសនិងជនស៊ីវិល៥នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានមន្ត្រីប៉ូលីសយ៉ាងតិច៦០នាក់ ហើយមានមនុស្សរាប់សិបនាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សានេះ។
ចំណែកសមាជិកសភាអាមេរិក គឺកើនដល់៣នាក់ហើយ ដែលបានអះអាងថាបានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមានអ្នកគាំទ្រលោក ត្រាំ ដែលខ្លះមិនបានពាក់ម៉ាស បានចូលលុកលុយដើម្បីបំផ្លាញរបស់របរនៅក្នុងរដ្ឋសភា និងរំខានដល់កិច្ចប្រជុំរបស់ក្រុមអ្នកសមាជិកសភា។
គំនិតដើម្បីបោះឆ្នោតស្នើសុំឱ្យលោក Pence អនុប្រធានាធិបតី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ២៥ ដើម្បីដកលោក ត្រាំ ចេញពីតំណែង គឺជាគំនិតមួយដែលលោក Pence អាចនឹងប្រឆាំងជំទាស់ ដែលតម្រូវឱ្យសភាជ្រើសរៀសវិធីផ្សេង គឺនឹងពិចារណាលើមាត្រាមួយដើម្បីចោទប្រកាន់លោក ត្រាំ ពីបទញុះញង់នាំឱ្យមានការបះបោរ។
តំណាងរាស្រ្ដមកបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើននៅក្នុងសភា ដូច្នេះការបោះឆ្នោតចោទប្រកាន់ ទំនងជានឹងត្រូវអនុម័ត ហើយប្រសិនបើវាកើតឡើងមែន នោះលោក ត្រាំ នឹងក្លាយជាប្រធានាធិបតីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវបានចោទប្រកាន់ចំនួនពីរដង។ ទោះយ៉ាងណា ថ្វីត្បិតការចោទប្រកាន់កើតឡើង នោះគឺជាផ្លូវតែមួយគត់ដើម្បីដកលោក ត្រាំ ចេញពីតំណែងប្រសិនបើសម្លេងភាគច្រើនពីរភាគបី បានបោះឆ្នោតគាំទ្រនៅក្នុងព្រឹទ្ធសភា។
ការទាមទារសំឡេងច្រើនបែបនេះ គឺត្រូវមានការយល់ព្រមចូលរួមពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋដ៏ច្រើន ប៉ុន្តែមកដល់ពេលនេះ មានតែសមាជិកសភាមកគណបក្សសាធារណរដ្ឋតិចតួចណាស់ ដែលបានបង្ហាញឆន្ទៈក្នុងការបោះឆ្នោតប្រឆាំងនឹងប្រធានាធិបតីម្នាក់មកពីគណបក្សរបស់ពួកគេ។
ប៉ុន្តែលោក ត្រាំ ឆ្លើយថា លោកមិនព្រួយបារម្ភជុំវិញការព្យាយាមចោទប្រកាន់លើលោកឡើយ ដោយបានថ្លែងដូច្នេះថា“ ការធ្វើវិសោធនកម្មលើកទី២៥ គឺគ្មានហានិភ័យសម្រាប់ខ្ញុំទេ ប៉ុន្តែវានឹងវិលត្រឡប់ទៅរកលោក ចូ បៃឌិន និងរដ្ឋបាលរបស់លោក បៃឌិន វិញ។
ការអំពាវនាវឱ្យដកលោក ត្រាំ ចេញពីតំណែង និងឱ្យចោទប្រកាន់លោក ត្រាំ នេះ កំពុងកើនឡើងក្នុងចំណោមអ្នកនៅក្នុងគណបក្សប្រជាធិបតេយ្យនិងអ្នកមួយចំនួនទៀតនៅក្នុងគណបក្សសាធារណរដ្ឋ បន្ទាប់ពីមានកុប្បកម្មនៅក្នុងសភា។ FBI ក៏បានព្រមានផ្ទុះការតវ៉ាប្រដាប់អាវុធនៅក្នុងរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក ដោយពួកក្រុមស្តាំជ្រុលនិយម មុនពេលការចូលកាន់តំណែងថ្មីរបស់លោក បៃឌិន។
កងទ័ពឆ្មាំជាតិរហូតដល់ទៅ ១៥ ០០០ នាក់ នឹងត្រូវដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោនសម្រាប់ព្រឹត្តិការណ៍ស្បថចូលកាន់តំណែងរបស់លោក បៃឌិន នោះ។ ទីភ្នាក់ងារសារព័ត៌មានជាច្រើនបានរាយការណ៍ថា ក្រុមមេដឹកនាំយោធាអាមេរិក បានចេញសារមួយដែលពិពណ៌នាអំពីកុបកម្មដោយអ្នកគាំទ្រលោក ត្រាំ ថាជាការវាយលុកដោយផ្ទាល់ទៅលើសភានិងរដ្ឋធម្មនុញ្ញ។ សាររបស់យោធាទាំងនោះបាននិយាយថា សកម្មភាពណាមួយដែលរំខានដល់ការចូលកាន់តំណែងរបស់លោក បៃឌិន នៅថ្ងៃទី២០មករាខាងមុននេះ គឺមិនមែនជាការប្រឆាំងរដ្ឋធម្មនុញ្ញ ប្រពៃណី តម្លៃ និងសម្បថនោះទេ គឺថែមទាំងការប្រឆាំងនឹងច្បាប់៕