ភ្នំពេញ៖អាជីពមួយចំនួន មើលតែសំបកក្រៅ មិនដឹងចំណូលនោះទេ។ អ្នកធ្វើការ​ក្រុមហ៊ុនខ្លះ ស្លៀកពាក់ស្អាតបាតជូនកាលចំណូលមិន​បានស្មើអ្នករកស៊ីតូចតាច​តាមចិញ្ចើមផ្លូវផង។ ជាក់ស្តែងលោក ជ្រុង វាសនា មានអាយុ៣២ឆ្នាំ អ្នកលក់ចេកអាំង ដំឡូងអាំង និងអន្សមអាំងតាមរទេះ អាចរកចំណូលបានជាង ៧ម៉ឺនរៀលក្នុងថ្ងៃ។

មានស្រុកកំណើតនៅខេត្តព្រៃវែងលោកជ្រុង វាសនា ប្រកបអាជីពលក់​ចេកអាំងនេះ​ជាង ២ឆ្នាំហើយ គិតរហូតមកដល់ចុងឆ្នាំ ២០១៨នេះ។

អតីតពលករចំណាកស្រុកធ្វើការជាកម្មករសំណង់នៅប្រទេសថៃរូបនេះបានរៀបរាប់ថា​៖« ខ្ញុំ មានលក់ចេកអាំង ដំឡូងអាំងនិងនំអន្សមអាំង…ការងារនេះខ្ញុំរកស៊ី ២ឆ្នាំ​ហើយតាំង​ពីត្រឡប់ពីធ្វើការជាកម្មករសំណង់នៅថៃ។ កាលខ្ញុំនៅធ្វើកម្មករសំណង់ គ្មានសល់អីទេបើកមកអស់ៗ ហើយលំបាកខ្លាំង គ្មានសេរីភាព ក៏សម្រេចត្រឡប់មក​ខ្មែរវិញចាប់របរសព្វថ្ងៃនេះទៅ»។

អាជីពជាអ្នកលក់ចេកអាំងតាមរទេះរបស់លោកជ្រុង វាសនា មើលសំបកក្រៅ មិនសូវមានតម្លៃក៏ពិតមែន តែបើទៅមើលចំណូលវិញ អ្នកធ្វើការក្នុងម៉ាស៊ីត្រជាក់​មួយចំនួនសុំខ្មាស់។

​លោកប្រាប់ឲ្យដឹងថា៖« ជាប្រចាំថ្ងៃខ្ញុំរកបានចំណូល អាចពី ៥ម៉ឺលរៀលទៅជាង ៧ម៉ឺន​រៀលក្នុង១ថ្ងៃហើយចំណូលនេះ យកទៅផ្គត់ផ្គង់គ្រួសារ និងការសិក្សា​របស់កូន»។

លោកវាសនា លើកឡើងថា ការងារនេះ ទោះមិនសូវល្អមើល តែមានសេរីភាព​ពេញ​លេញ​មិនស្ថិតក្រោមការបង្គាប់បញ្ជារបស់អ្នកណា។

 នៅឆ្នាំ២០១៩ លោក វាសនា គ្រោងយកប្រាក់ដែលសន្សំបាន​ពីអាជីពលក់​ចេកអាំង​នេះ ទៅទិញដីសង់ផ្ទះមួយកន្លែងដើម្បីរស់នៅជុំគ្រួសារ។ទីតាំងដែលលោកវាសនា លក់ចេកអាំងភាគច្រើននៅម្តុំមុខវាំង ផ្សារកណ្តាល ឬផ្សារថ្មីជាដើម៕

អត្ថបទ៖ សាវតា