នៅក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើរជូន លោក យន់ មីន អភិបាលខេត្ត​ព្រះសីហនុ បានសរសេរថា «ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ខ្លះ ជិតរួចរាល់ទាំងស្រុងទៅហើយ ដោយពុំមាន​លិខិតអនុញ្ញាតសាងសង់។ មានតែគោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួល​បានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ផ្ទុយទៅនឹងស្មារតី​នៃអនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ បណ្តាលឪ្យកើតមានបទល្មើសសំណង់​ប៉ះពាល់ ដល់សណ្តាប់ធ្នាប់សារធារណៈ សោភណ្ឌភាព និងគុណភាពសំណង់»។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ស្នើឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបញ្ឈប់ជាបន្ទាន់​ចំពោះ​ការចេញលិខិតអនុញ្ញាតជាគោលការណ៍ ដល់ម្ចាស់សំណង់ឱ្យដំណើរការ​សាងសង់​មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវ​ពង្រឹង​ការគ្រប់គ្រងការដ្ឋានសំណង់ឱ្យគោរពច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេស​ជាធរមាន។

សូមបញ្ជាក់ថា លោក យន្ត មីន អភិបាលខេត្តព្រះសីនុ កន្លងមក តែងតែចេញ​លិខិត​អនុញ្ញាត​សាងសង់ដល់ម្ចាស់សំណង់មុនទទួលបាន​លិខិតអនុញ្ញាត​សាងសង់ពីស្ថាប័ន​មានសមត្ថកិច្ច ដែលធ្វើអោយមានការរិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញា​ធរពាក់​ព័ន្ធ​ជុំវិញសំណង់គ្មានសណ្តាប់ធ្នាប់ និងគ្មានសបទដ្ឋានគតិយុត្តិត្រឹមត្រូវ ផ្ទុយ​ទៅនឹងស្មារតីអនុក្រឹត្យលេខ អនក្រ.បក ចុះថ្ងៃទី ១៩ ខែធ្នូរ ឆ្នាំ ១៩៩៧ ស្តីពីលិខិត​អនុញ្ញាត​​សាងសង់ បណ្តាលអោយកើតមានបទល្មើសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់​សារធារណៈ សោភណ្ឌភាព និងគុណភាពសំណង់នៅ​ក្នុងខេត្ត៕