លោក ចម ប្រសិទ្ធ ជាគណអធិបតី ឯលោក កុក អាន ខាងស្តាំដៃ លោក ជាវ តាយ ដែលដៃពាក់នាឡិការ

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសម្រេចឲ្យក្រុមហ៊ុនរបស់លោក កុក អាន ដើម្បីវិនិយោគផ្នែកទឹកស្អាតនៅខេត្តកំពត ដែលមានទឹកប្រាក់ជាង ២០ លានដុល្លារ។

បើតាមលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ការសម្រេចឲ្យលោកឧកញ៉ា កុក អាន វិនិយោគផ្នែកទឹកស្អាតនៅខេត្តនេះ គឺជាការផ្តល់អាទិភាពដល់វិនិយោគិនក្នុងស្រុកជាងក្រុមហ៊ុនវិនិយោគបរទេស។ លោកថា គម្រោងនេះ រដ្ឋាភិបាល ក៏អាចនឹងអនុគ្រោះពន្ធនាំចូលនូវសម្ភារបរិក្ខានានា សម្រាប់បំពាក់និងសាងសង់នានានៃការដ្ឋានផលិតទឹកស្អាតចំនួនពីរកន្លែងនៅក្នុងខេត្តនេះផងដែរ។

ការដ្ឋានដែលគ្រោងធ្វើពីកន្លែងនោះ គឺទី ១ ការដ្ឋានផលិតទឹកស្អាត នៅចំណុចអតីតព្រលានយន្តហោះកកេះ ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយយកប្រភពទឹក ចេញពីតំបន់វារីអគ្គីសនី ទឹកឈូកំចាយ។ ទី ២ ការដ្ឋាននៅតំបន់រម្មណីដ្ឋាន ទំនប់ប្រទ័ក្សក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ដោយមួយថ្ងៃ អាចផលិតទឹកស្អាត បានដល់មួយម៉ឺនម៉ែត្រគូប។

លោក ចម ប្រសិទ្ធ រំពឹងថា តាមរយៈគម្រោងនេះ យ៉ាងយូរ រយៈពេល ៦ ខែទៀត ខេត្តកែប និងផ្នែកខ្លះ នៃស្រុកទឹកឈូ ខេត្តកំពត នឹងមានទឹកស្អាត ពីការដ្ឋានទំនប់ប្រទ័ក្សក្រឡានេះ ប្រើប្រាស់៕