សៀមរាប៖ លោក ខូយ ឈីន ប្រកបរបរចិញ្ចឹមក្រពើរយៈពេលជាង ២០ឆ្នាំហើយ។ លោកចិញ្ចឹមនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សព្វថ្ងៃកសិដ្ឋានរបស់លោក ខូយ ឈីន មានក្រពើមេ-បា ចំនួន១២០០ ក្បាល និងជំទង់​ចំនួន ៣២០០ក្បាល ចិញ្ចឹមលើផ្ទៃដី ១៦០០០ម៉ែត្រការ៉េ ដោយបែងចែកជាអាងមេ-បា ពូជ កូន និងក្រពើជំទង់។

ចំពោះទីផ្សារវិញ លោក ខូយ ឈីន លើកឡើងថា បច្ចុប្បន្នកូនក្រពើ ១ក្បាល​ថ្លៃ១៥-២០ដុល្លារ ចិញ្ចឹមបានអាយុ ៣ឆ្នាំតម្លៃ ៥-៦ដុល្លារ ក្នុង១គីឡូក្រាម។ បើតាម​បច្ចេកទេសក្រពើមានអាយុ ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អត្រូវតាម​ស្តង់​ដារទីផ្សារនាំចេញ។

ចំណែកទីផ្សារនាំចេញ លោក ខូយ ឈីន បានឲ្យដឹងថា «កូនក្រពើគឺនាំចេញ​ទៅ​ប្រទេស​វៀតណាម និងថៃ ហើយបច្ចុប្បន្នកម្ពុជា បាននាំចេញកូនក្រពើប្រមាណ ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ ដោយឡែកកសិដ្ឋាននេះ អាចនាំចេញបានពី ១ម៉ឺន ទៅ​១៥០០០ក្បាល»។

ទាក់ទឹងប្រាក់ចំណូលវិញ លោកម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើលោក ខូយ ឈីន បង្ហើប​ប្រាប់ថា ក្នុង១ឆ្នាំជាមធ្យម កសិដ្ឋានរបស់លោក អាចរកបានចំណូលពី១៥ម៉ឺន ទៅ២០ម៉ឺនដុល្លារ ។

ក្នុងដំណើរទស្សនៈកិច្ចទៅដល់កសិដ្ឋានរបស់លោក ខូយ ឈីន ផ្ទាល់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យ​កសិដ្ឋាននេះ​ចូលរួមសហការជាមួយរដ្ឋបាលជលផល ដើម្បីអនុវត្តការងារបច្ចេកទេសច្បាប់បន្ថែម ការងារសាយតេស្ត និងទីផ្សារធ្វើយ៉ាងណាជំរុញទីផ្សារក្រពើកម្ពុជា ដែលមាន​សក្តានុពល​ខាងសេដ្ឋកិច្ចឱ្យបានទូលំទូលាយ ពិសេសទីផ្សារទៅចិន។

លោករដ្ឋមន្រ្តី ជំរុញឲ្យលោក ខូយ ឈីន គួរខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព​ទាំងការងារ​ផលិតកម្ម និងកែច្នៃ ប្រសើរជាងនាំចេញកូន និងមេ-បាពូជ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើត​ការងារជូនដល់ពលរដ្ឋនៅមូលដ្ឋាន និងគួរសិក្សាពីលទ្ធភាពចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារខេត្តសៀមរាបផងដែរ៕

អត្ថបទ៖ សាវដា