លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា ស្នើឲ្យរដ្ឋាភិបាលពិចារណាផ្អាកការងារជាបណ្តោះអាសន្ន ចំពោះបុគ្គលិកនិយោជិត ដែលបម្រើការងារនៅតាមកាស៊ីណូ នានា ក្នុងប្រទេសកម្ពុជា។ ការស្នើបែបនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោក ប៉ាវ ស៊ីណា នៅថ្ងៃទី ២៥ ខែ មីនានេះ។

លោកលើកឡើងដូច្នេះថា៖« ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាបន្តបន្ទាប់ នាពេលបច្ចុប្បន្ននេះ សូមប្រមុខរាជរដ្ឋាភិបាល មេត្តាពិចារណា ព្រោះអ្នកចូលលេងល្បែងក្នុងកាស៊ីណូភាគីច្រើនជាជនបរទេស »។

លោកបន្តថា កាស៊ីណូ ជាផ្នែកមួយ មិនអាចមើលរំលងបាន ខណៈដែលបុគ្គលិកធ្វើការនៅតាមក្លឹបកម្សាន្ត និងរោងភាពយន្ត ដែលជាផ្នែកមួយនៃសេវាកម្មដូចគ្នា ត្រូវបានផ្អាកជាបណ្តោះអាសន្ន។

គួរបញ្ជាក់ដែរ កាលពីថ្ងៃទី ១៧ ខែ មីនា​ ឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសឲ្យបិទ KTV និង រោងភាពយន្តទូទាំងប្រទេសរហូតដល់វត្តមានជំងឺកូវីដ ១៩ធូរស្រាល៕