តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់លោក ប៉ាវ ស៊ីណា តំណាងកម្មករនិយោជិត កាលពីថ្ងៃទី ២៦ ខែ មីនានេះ បានស្នើឲ្យរដ្ឋាភិបាលពន្យាការសងបំណុលធនាគារដល់កម្មករនិយោជិតដែលរងផលប៉ះពាល់ពីការព្យួរការងារ ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩។

លោក ប៉ាវ ស៊ីណាលើកឡើងដូច្នេះថា៖«រហូតមកដល់ម៉ោងនេះ ខ្ញុំនៅមិនទាន់ឃើញ ធនាគារជាតិ ជួយអន្តរាគមន៍ ឲ្យធនាគារឯកជននិងមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា អនុគ្រោះដល់កម្មករនិយោជិតនិងអ្នកប្រកបមុខរបរពាក់ព័ន្ធ ក្នុងការពន្យាពេលបង់ប្រាក់ដើម និងការប្រាក់មួយរយៈក្នុងកំឡុងព្យួរការងារ នៅឡើយទេ»។

បច្ចុប្បន្នមានរោងចក្រប្រមាណជាង ៥០ បានព្យួរការងារ ដោយប៉ះពាល់ដល់ជីវៈភាពកម្មករប្រមាណជិត ៣ ម៉ឺននាក់ ហើយកម្មករនិយោជិតមួយចំនួនទទួលបានប្រាក់ឈ្នួលពីការព្យួរការងារត្រឹមតែ ៤០% ស្មើនិង ៧៦ ដុល្លារ។

លោក ស៊ីណា សង្កត់ធ្ងន់ថា៖«ដោយសារស្ថានភាពរីករាលដាលនៃជំងឺ កូវីដ១៩ បានធ្វើឲ្យតម្លៃទំនិញគ្រប់មុខឡើងថ្លៃហួសពីការស្មាន។ ចំនួនថវិកា ៧៦ដុល្លារនេះ វាពិតជាពិបាកណាស់ទៅហើយសម្រាប់ការចំណាយលើថ្លៃម្ហូបអាហារនិងផ្ទះជួល តើអោយបងប្អូនកម្មករនិយោជិតមានលទ្ធភាពឯណាទៅសងបំណុលធនាគារនោះ»។

លោកសន្និដ្ឋានថា ចំនួនតួលេខនៃការព្យួរការងារ និងមានការកើនឡើងជាបន្ទបន្ទាប់ទៀត ខណៈដែលអ្នកបញ្ជាទិញមួយចំនួន បានឲ្យរោងចក្រផ្អាកបញ្ជូនទំនិញទៅកាន់ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដូច្នេះចំនួនកម្មករនិយោជិត ដែលរងផលប៉ះពាល់ គឺចំនួនកាន់តែច្រើន។

លោកប៉ាវ ស៊ីណាទទូចបែបនេះថា៖«ក្នុងនាមតំណាងកម្មករនិយោជិត ខ្ញុំសូមសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលម្ពុជា ជួយអន្តរាគមន៍ ចំពោះការស្នើសុំ ឲ្យមានការយោគយល់ដល់បងប្អូនកម្មករនិយោជិត ក្នុងការពន្យាការសងបំណុលធនាគារ មួយរយៈក្នុងគ្រាដ៏លំបាកនេះ»៕