លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា នៅសល់ស្រូវប្រមាណ ៥ លានតោន ដែលគិតជាអង្ករមានប្រមាណ ៣ លាន ៦ សែនតោន ដែលធ្វើឲ្យកម្ពុជាមិនខ្វះអង្ករបរិភោគនោះឡើយ បើទោះបីកម្ពុជានាំអង្ករចេញកើនឡើងបន្ថែមទៀតក្តី។

«យើងផលិតសូវបានលើសផែនការ ដែលជាចំនួនអតិរេក»។ នេះជាការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម អំពីទិន្នផលស្រូវដែលកម្ពុជាកំពុងមាន។

លោកថា បច្ចុប្បន្ន កម្ពុជាមានស្រូវប្រមាណ ៥ លានតោន ដែលស្មើនឹងអង្ករជាង ៣ លាន ៦ សែនតោន ហើយមកដល់ពេលនេះ កសិករនៅតែមានការច្រូតកាត់ជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្ពុជាមិនខ្វះស្រូវអង្ករបរិភោគនោះឡើយ ។

កាលពីថ្ងៃទី ១៣ ខែឧសភា រដ្ឋាភិបាលបានសម្រេចឲ្យមានការនាំអង្ករស ចេញឡើងវិញក្រោយពីផ្អាកនាំចេញប្រមាណជាង១ខែ ដើម្បីបម្រុងទុកក្នុងអំឡុងបញ្ហាកូវីដ១៩។ សម្រាប់លោក វេង សាខុន ការអនុញ្ញាតឲ្យនាំអង្ករស ចេញនេះ ជារឿងវិជ្ជមានសម្រាប់កម្ពុជា។ លោករដ្ឋមន្រ្តី ពន្យល់បែបនេះថាៈ៖« ព្រោះក្រសួងកសិកម្មបានមើលឃើញថា កម្ពុជាបានផលិតអង្ករ ជាពិសេសស្រូវលើសផែនការ ដែលយើងនូវសល់ស្រូវ និងអង្ករច្រើន។ការនាំអង្ករចេញ ធ្វើឲ្យកសិករកាន់តែសប្បាយចិត្ត ដោយសារមានទីផ្សារ លក់បានថ្លៃជាងមុន»។

មិនខុសពីលោករដ្ឋមន្រ្តីឡើយ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បង្ហាញការសាទរចំពោះការអនុញ្ញាតរបស់រដ្ឋាភិបាលឲ្យនាំអង្ករសចេញវិញ។ លោកថា នៅពេលនេះ សហព័ន្ធស្រូវអង្ករ កំពុងស្រង់នូវរបាយការណ៍រោងម៉ាស៊ីនកិនស្រូវ ដើម្បីត្រៀមនាំចេញជាបណ្តើរៗ នៅថ្ងៃទី ២០ ខែឧសភា ខាងមុខ។ «យើងដឹងហើយថា ការនាំចេញនូវស្រូវអង្ករនៅក្នុងអំឡុងកូវីដ១៩នេះ មានការកើនឡើងច្រើន ដែលនាំឲ្យមានការចាត់ទុកថា វិស័យស្រូវអង្ករល្អជាងវិស័យផ្សេងៗដែលថមថយ។ ទីផ្សារដែលយើងនាំអង្ករទៅនោះ ជាទីផ្សារល្អទាំងតម្លៃ ទាំងអនាគតទៅមុខទៀត»។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងរយៈពេល ៤ ខែ ពោលគឺពីខែមករា ដល់ខែមេសា ក្នុងឆ្នាំ២០២០ នេះ កម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេសប្រមាណ ៣០ ម៉ឺនតោន។ ចំនួននេះ បានកើនឡើងរហូតដល់ ៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ និងចំនួននាំចេញ ដ៏ច្រើន ដែលមិនធ្លាប់មានក្នុងរយៈពេល ១០ ឆ្នាំមកនេះ។

រដ្ឋាភិបាលកម្ពុជា មានផែនការនាំចេញអង្ករចេញទៅក្រៅប្រទេសឲ្យបានមួយលានតោន នៅក្នុងឆ្នាំ ២០១៥ តែមិនអាចទៅរួច ហើយរដ្ឋាភិបាលក៏បានកំណត់ផែនការថ្មីនៅឆ្នាំ ២០២២ ខាងមុខ ត្រូវនាំអង្ករទៅក្រៅប្រទេសឲ្យបានសម្រេចមួយលានតោន។ ទាំងលោករដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សុទ្ធតែមានសង្ឃឹមថា នៅឆ្នាំ២០២០ នេះ ទោះកម្ពុជានាំអង្ករទៅក្រៅប្រទេសមិនបានមួយលានតោនក្តី តែយ៉ាងហោចណាស់ក៏បាន ៩០ ម៉ឺនតោនដែរ ខណៈកាលពីឆ្នាំ ២០១៩ កន្លងទៅ រដ្ឋាភិបាលនាំអង្ករទៅក្រៅប្រទេសបានតែប្រមាណ ៦២ ម៉ឺនតោនប៉ុណ្ណោះ៕