ក) អ្វីជាជំងឺស្រឺត?
ជំងឺស្រឺត មានរោគសញ្ញាស្រដៀងនឹងអាការៈដែលប្រជាជនយើងភាគច្រើនស្គាល់ថាជំងឺខ្យល់ ប៉ុន្តែតែងលាយឡំនឹងអារម្មណ៍ភ័យខ្លាចថា គាំងបេះដូង សន្លប់ ឬស្លាប់ជាដើម។ ជំងឺនេះបណ្ដាលមកពីខួរក្បាលដំណើរការមិនល្អ នាំឲ្យអ្នកជំងឺទៅជាមានអាការៈដូចជា ឧស្សាហ៍ធ្វើទុក្ខ ពិបាកក្នុងខ្លួនមួយឆាវៗ ណែនទ្រូង ថប់ៗ ធីងធោង អស់ដៃអស់ជើង រកកលចង់សន្លប់ជាដើម។ ក្រៅពីនេះ អ្នកជំងឺតែងភ័យខ្លាចធ្វើទុក្ខទៀត ហើយព្យាយាមគេចចេញពីស្ថានភាព ឬសកម្មភាពដែលគាត់គិតថានាំឲ្យធ្វើទុក្ខដូចមុន។ ជំងឺស្រឺតជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ក្នុងចំណោមមនុស្ស ១០០នាក់ មានមនុស្សពី ២ ទៅ ៥នាក់ អាចកើតមានជំងឺស្រឺត ជាពិសេសស្ត្រីអាចកើតជំងឺនេះលើសបុរសចំនួនពីរ ទៅបីដង។

ខ) ការវិវត្ត និង ផលវិបាក៖
ជំងឺស្រឺតច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬសឹងមួយជីវិតក៏មាន ដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចឃុំខ្លួននៅតែផ្ទះ មិនហ៊ានធ្វើអ្វី និងទាមទារឲ្យមានមនុស្សនៅក្បែរជានិច្ច។ ពេលខ្លះ គាត់អាចទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា ដែលនាំឲ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត។

គ) ការព្យាបាល៖
ទោះជាយ៉ាងណា ជំងឺស្រឺតជាជំងឺដែលអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព។ ក្រោមការព្យាបាលដ៏ត្រឹមត្រូវ ជំងឺនេះអាចជាសះស្បើយដោយប្រើពេលពី៣ ទៅ ៦ខែ និងអាចព្យាបាលបន្តដើម្បីបង្ការការលាប់ឡើងវិញរហូតយ៉ាងតិច ១ឆ្នាំ ដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្ត្រ។

“ប្រសិនបើលោកអ្នក សង្ស័យថា ឬស្គាល់មនុស្សដែលមានជំងឺស្រឺត សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។”

អត្ថបទមន្ទីរពេទ្យកាល់ម៉ែត្រ