លោកយាយសោម ចាន់ រស់នៅលើប្រឡាយទឹកស្អុយបឹងត្របែក រាជធានីភ្នំពេញ។ លោកយាយ សោម ចាន់ប្រកបរបរលក់នំក្រូចជាង ២០ឆ្នាំ​ហើយ ដើម្បីចិញ្ចឹមគ្រួសារ ដែលមានសមាជិកចំនួន ៨នាក់ក្នុងបន្ទុក។

មានវ័យ៦៧ឆ្នាំ លោកយាយតែងតែក្រោកម៉ោង ៥ទាបភ្លឺ ដើម្បីធ្វើស្នូលនំក្រូចជាប្រចាំ។ក្នុង១ថ្ងៃលោកយាយ សោម ចាន់ ធ្វើនំក្រូចចំនួន ២០០០នំ ដើម្បីបោះឲ្យម៉ូយ​និងលក់​រាយនៅឯផ្សារបឹងត្របែក។

ចំណូលដែលទទួលបានពីការលក់នំក្រូចនេះលោកយាយ សោម ចាន់ ជំរាបថា ១ថ្ងៃ​បាន​ប្រមាណ​ពី ៧ម៉ឺនរៀលទៅ ៨ម៉ឺនរៀល។

«ចំណូលវាតិចឯចំណាយវាច្រើន គឺទិញសព្វគ្រប់ដូចជា អង្ករ ម្ហូប កូនចៅរៀន ដូច្នេះ​ហើយមិនមានសល់អ្វីទេគឺបានត្រឹមហូបមួយគ្រប់ៗ គ្មានសល់អ្វីទេ ព្រោះសមាជិក​ច្រើនរហូតដល់ទៅ៨នាក់តិចទៀតបានចៅម្នាក់ទៀតសរុប៩នាក់» នេះជាការ​លើក​ឡើងរបស់លោក សោម ចាន់។

លោកយាយសោមចាន់ បន្ថែមទៀតថា៖« គ្រួសារខ្ញុំរស់នៅហ្នឹងលំបាក​ជាងគេខ្ញុំ​រស់នៅលើប្រឡាយទឹកស្អុយបឹងត្របែកនេះជាង ១០ឆ្នាំហើយ ដែលពីមុន​កន្លែង​ជាព្រៃសុទ្ធបើជួលផ្ទះគេខ្ញុំអត់មានសមត្ថភាពទេក្មួយ»។

ដោយសារតែជីវភាពទីទ័លក្រទើបបណ្តាលឲ្យលោកយាយ សោម ចាន់ សម្រេច​ចិត្តរស់នៅលើលូទឹកស្អុយទាំងលំបាករហូតមកដល់ពេលនេះ៕

អត្ថបទ៖ សាវតា