សៀមរាប៖ គិតចាប់ពីខែមករា ដល់ខែ វិច្ឆិកា ឆ្នាំ២០១៨ ពោលគឺរយៈពេល ១១ខែ កម្ពុជា អាចរកចំណូលបានពីការលក់សំបុត្រចូល​ទស្សនារមណីយដ្ឋានអង្គរ​ចំនួន១០៤,៥២៧,៥៣១ដុល្លារ ស្មើនឹង ៩.២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី ០១ ខែធ្នូ នេះ។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា រយៈពេល១១ខែមានភ្ញៀវទេសចរ​បរទេសចំនួន ២,៣២៣,១៦៨នាក់ បានទិញបណ្ណចូលទស្សនាអង្គរកើនឡើង ៦.០៩ភាគរយ។

នៅក្នុងរបាយការណ៍បញ្ជាក់ទៀតថាចំណូលដែលទទួលបានជា ១០៤លានដុល្លារ​នេះរាជរដ្ឋាភិបាលបានដកចំនួន ៤,៦៤៦,៣៣៦ដុល្លារ ដើម្បីឧបត្ថម្ភចូលមន្ទីរ​ពេទ្យ​គន្ធបុប្ផាដើម្បីទ្រទ្រង់ដំណើរការពិនិត្យនិងព្យាបាលកុមារកម្ពុជា៕