នៅថ្ងៃច័ន្ទទី៩ធ្នូនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញើញជាអធិបតីក្នុងពិធីបើក ការដ្ឋានការងារស្តារអូរប្រឡាយទាំង៥ ខ្សែនៅខេត្តព្រះសីហនុ ខេត្តព្រះសីហនុ រួមមានអូរឈើទាល អូរអេម៉ារីអូ អូរសំអាត អូរ អណ្តូងអ៊ុនតាក់ និងអូរស្ពានឆេះ ដែលគ្រោងចំណាយថវិកាប្រមាណ១០ពាន់លានរៀល ឬស្មើរនឹង២លាន៤សែន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោករដ្ឋមន្រ្តីបានលើកឡើងថា វាគឺជាំកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើកិច្ចការអាទិភាព ក្នុងការស្តារអូធម្មជាតិទាំង៥ និងលូដែលមានស្រាប់ដែលសព្វថ្ងៃ កំពុងទទួល រងនូវការរំលោភយកដីចំណីអូរនិងប្រឡាយ ដើម្បីបើកមុខទឹកនិងដោះស្រាយជំនន់ទឹកភ្លៀង ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងដែរថា បើប្រឡាយអូរមិនបានស្តារតាមការកំណត់នោះទេ ពិតណាស់ថា ទឹកជំនន់នឹងកើតមានយ៉ាងពិតប្រាកដនៅរដូវវស្សា ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ។