ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវី​រុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។

បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ហើយសំណាក​ដែលបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺដែលឆ្លង​វីរុសកូរ៉ូណាថ្មីនេះ ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យខេត្ត​ព្រះសីហនុ។

យោងតាមប្រវត្តិអ្នកជំងឺបានបង្ហាញថា លោក ចា ជិនហួរ និងក្រុមគ្រួសារបានចេញ​ដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា ដោយមានអាការៈ គ្រុនក្តៅ និង​ហៀរសំបោរ។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យ ចំនួន២យប់។ បន្ទាប់មកបានចូលមកស្នាក់​នៅ​សណ្ឋាគារគ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មា​ន​អាការៈ ក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លីងជេន បានទូរស័ព្ទទៅ​លេងក្រុមគ្រួសារនៅប្រទេសចិន និងបានប្រាប់ថា ប្តីគាត់មានអាការៈក្តៅខ្លួន។

បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមការងារសុខាភិបាលខេត្តព្រះសីហនុ បានយកវត្ថុវិភាគ​ស្របតាមលក្ខណៈបច្ចេកទេស ដែលបានណែនាំដោយក្រសួង​សុខាភិបាលនៅថ្ងៃដ​ដែល និងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ ខាងលើ​នោះ​មកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជិនហួរ មានវិជ្ជមានវីរុស​កូរ៉ូណាថ្មី (2019-nCoV)នេះ។

បច្ចុប្បន្ននេះតាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យ ស្ថានភាពអ្នកជំងឺមាន​សភាព​ហ្នឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារគាត់​ក៏មិនទាន់រក​ឃើញថា មានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រួពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត៕