
ពេល Messi និយាយថា «ខ្ញុំត្រូវរង់ចាំអស់ពេល ១៧ឆ្នាំ និង១១៤ថ្ងៃ ទម្រាំទទួលបានជោគជ័យ» តើអ្នកដឹងទេថា គាត់សម្ដៅលើការប្រកួតណាមួយ?
Lionel Messi ខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ Barcelona ធ្លាប់និយាយថា៖ «ខ្ញុំចាប់ផ្ដើមពីព្រលឹម ហើយបញ្ចប់ទៅវិញនៅពេលយប់ជ្រៅ ជាច្រើនថ្ងៃ ជាច្រើនឆ្នាំ ខ្ញុំត្រូវចំណាយពេលអស់ ១៧ឆ្នាំ និង១១៤ថ្ងៃទើបទទួលបានជោគជ័យ»។
នោះគឺជាការពិតដែលបានកើតឡើងចំពោះកីឡាកររូបនេះ ដែលបានឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំប្រកបដោយបញ្ហាពាក់ព័ន្ធនឹងការលូតលាស់មិនប្រក្រតី និងឆ្លងកាត់ការងារលំបាកៗជាច្រើននៅទីក្រុង Rosario ប្រទេសអាស្សង់ទីន។

គេបានប្ដូរមករស់នៅទីក្រុង Barcelona ដើម្បីព្យាបាលបញ្ហាសុខភាពរបស់គេ និងបានចូលរួមលេងក្នុងក្រុមថ្នាល Masia របស់ Barcelona ដោយឡើងពីក្រុម Barca C មកលេងនៅ Barca B។
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៤ គ្រូបង្វឹកសញ្ជាតិហូឡង់របស់ Barcelona គឺលោក Frank Rhijkaard បានប្ដូរកីឡាករ Deco ដែលពាក់អាវលេខ២០ ចេញ ជំនួសដោយកីឡាករវ័យក្មេងដែលមិនមាននរណាស្គាល់ ដែលពាក់អាវលេខ៣០។ ពេលនោះគេទើបតែមានអាយុ ១៧ឆ្នាំ និង១១៤ថ្ងៃប៉ុណ្ណោះ។ ថ្ងៃនោះ គឺជាការប្រកួតរវាងក្លឹប Espanyol ជាមួយ Barcelona ដែលមានអ្នកទស្សនាចំនួន ៣ម៉ឺននាក់។ ថ្ងៃនោះគឺជាការចាប់ផ្ដើមនៃអាជីពដ៏ជោគជ័យរបស់កីឡាករខ្សែប្រយុទ្ធរូបនេះ៕
ប្រភព៖ Ekemezie Okechukwu on Quora