
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា នៅរាជធានីភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិកជាង ១០លានថង់ ក្នុងមួយថ្ងៃ។ ចំណែកនៅលើពិភពលោក ក្នុងមួយឆ្នាំបានប្រើប្រាស់ប្លាស្ទិកចន្លោះពី៤០០ ទៅ៦០០លានតោន ហើយចាប់តាំងពីបង្កើតប្លាស្ទិកមក សំណល់ប្លាស្ទិកនៅលើភពផែនដីមានប្រមាណ ៩,៣ប៊ីលានតោន ហើយចំនួននេះនឹងត្រូវបន្តកើនឡើងនៅពេលដែលចាប់ពីឆ្នាំ២០២៥ ពិភពលោកប្រើប្រាស់ប្លាស្ទិកប្រមាណ ៦០០លានតោន ក្នុងមួយឆ្នាំ។ លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ នៅក្នុងទិវាអនាម័យបរិស្ថាន ២៣ វិច្ឆិកា និងពិធីបុណ្យទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ២០២០ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លើសពីនេះទៀត លោក នេត្រ ភក្ត្រា បានបន្តថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ៦៥% ជាសំណល់សិររីរាង្គ ប្រមាណ២០% ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម។
យោងតាមរបាយការណ៍កាលពីឆ្នាំ២០១៩កន្លងទៅ សំណល់ប្លាស្ទិកជាង ៤០០០ ការ៉ុង (ទម្ងន់ប្រមាណជិត ២០០តោន) ត្រូវបានប្រមូលចេញពីទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនៅឆ្នាំ២០២០នេះ សំណល់ប្លាស្ទិកប្រមាណជាង ៥០០០ថង់ (ជិត ២៥០តោន) ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។