
មន្រ្តីបានលើកឡើងថា សាលារាជធានីភ្នំពេញកំពុងសិក្សាដើម្បីដាក់ស្រឡាងឲ្យពលរដ្ឋប្រើប្រាស់ធ្វើដំណើរឆ្លងពីកោះនរាហ៍មកកោះពេជ្យ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ផ្លូវជាតិលេខ១ ស្របពេលកំពុងមានការជុសជុលស្ពានក្បាលថ្នាល់នៅច្បារអំពៅ និងការសាងសង់ស្ពានឆ្លងពីកោះនរាហ៍មកកោះពេជ្យ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៧កុម្ភៈនេះថា ក្រុមហ៊ុនកំពង់ចម្លងអរិយក្សត្រ បានយល់ព្រមអំពីការដាក់ស្រឡាងឆ្លងពីកោះនរាហ៍មកកាន់កោះពេជ្យ ហើយសាលារាជធានីភ្នំគឺផ្តល់សិទ្ធឲ្យក្រុមហ៊ុនមួយនេះជាអ្នកអនុវត្ត។ លោកបន្តថា៖«ទន្លេនេះតូច យើងអាចដាក់ស្រឡាងបាន៤ រឺក៍២ទៅតាមស្ថានភាពជាក់ស្តែង»។
លោកឲ្យដឹងដែរថា បច្ចុប្បន្នសាលារាជធានីភ្នំពេញកំពុងតែសិក្សាអំពីផ្លូវ និងការខ្ចីក្បាលដីរបស់ពលរដ្ឋនៅទីតាំងស្រឡាងដែលគ្រោងនឹងដាក់ឱ្យដំណើរការ ហើយការដាក់ស្រឡាងនេះទៀតគឺដាក់រហូតឬយ៉ាងណា គឺអាស្រ័យទៅតាមលទ្ធភាពជាក់ស្តែងសិន ក៏ប៉ុន្តែអ្វីជាគោលបំណងរបស់រាជធានីភ្នំពេញគឺដាក់ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍អំឡុងពេលធ្វើស្ពានឆ្លងនរាហ៍ផង និងការជុសជុលស្ពានក្បាលថ្នាក់ច្បារអំពៅផង។
គូសបញ្ជាក់ថា ការស្ថាបនាស្ពានតភ្ជាប់ពីក្រុងរណបកោះពេជ្យទៅកោះនរាហ៍នេះបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២០ដោយគ្រោងនឹងចំណាយរយៈពេល៣២ខែដើម្បីបញ្ចប់គិតចាប់តាំងពីពេលបើកការដ្ឋានសាងសង់។
គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ ជាប្រភេទស្ពានយោងដោយខ្សែកាបមានប្រវែងប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាប័ទ្មបែបខ្មែរ៕