លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖  ត្រឹមរយៈពេល៨ខែឆ្នាំ ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូល​ចំណូល​ពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ ១,៥០៣ លានដុល្លារអាសហរដ្ឋមេរិក ស្មើ​៧៨,១៥% នៃផែនការកំណត់ដោយច្បាប់រ។ នេះបើតាមការអះអាងរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា។

លោក គង់ វិបុល បន្តថា សម្រាប់តែខែសីហាកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ​ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ១៤៦ លានដុល្លារអាមេរិក ស្មើនឹង ៧,៦៤% នៃផែនការច្បាប់ឆ្នាំ២០១៨ ក្នុងនោះបើប្រៀប​ធៀបទៅនឹងចំណូល​ខែសីហា ឆ្នាំ២០១៧ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online ដូចគ្នា ឃើញថា​ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងខែសីហា ឆ្នាំ២០១៨ កើន​ឡើងប្រមាណជាង ១៨លានដុល្លារអាមេរិក កំណើនស្មើឡើងជាង១៤ភាគរយ។

លោកបញ្ជាក់ទៀតថា ប្រសិទ្ធភាពនៃការប្រមូលពន្ធ គឺបានកើតចេញពីការកែទម្រង់ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាកំណែទម្រង់ប្រព័ន្ធពន្ធដារ ដោយផ្តើមចេញ​ពីការពង្រឹងអភិបាលកិច្ចល្អ ស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និងកើតឡើងពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្រ្តីពន្ធដារ ក្នុងការពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ទើបជម្រុញការអនុវត្តន៍ប្រមូលពន្ធ បានលទ្ធផលល្អប្រសើរ៕

អត្ថបទ៖ សាវតា