លោក ផាន់ ភិរម្យ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ៨ស្រះ ទំហំចាប់​ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ លើផ្ទៃដី ៦ហិចតា សមត្ថភាពផ​លិតត្រីប្រា​បាន ៧ ០០០តោន/ឆ្នាំ។ លោក ភិរម្យ បានឱ្យទៀតដឹងថា កសិដ្ឋានកំពុ​ងជីកស្រះ​ចិញ្ចឹមត្រីពោ និងត្រីប្រាពង្រីកបន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។ លោកបន្ថែមទៀតថា កសិដ្ឋានចិញ្ចឹមត្រីរបស់លោក បានដំណើរការជាង ៥ឆ្នាំមកហើយ។

កាលពីថ្ងៃសៅរ៍ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុក​ជាប្រធានរដ្ឋបាលជលផល លោក សុខ រ៉ាដែន ប្រធានសមាគម​វារីវប្បករកម្ពុជា និងមន្រ្តីជំនាញបានចុះត្រូតពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ការខិតខំប្រឹងប្រែងរបស់លោក ភិរម្យ ដោយប្រកាន់យករបរចិញ្ចឹមត្រីពោ ត្រីប្រា និងត្រីឆ្តោ ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលចេះ​តែមានការកើនឡើងជាលំដាប់។



បច្ចុប្បន្នតម្លៃត្រីគ្រប់ប្រភេទមានការកើនឡើងល្អប្រសើរ ដោយសារក្រសួង​បាន​ចាត់វិធានការផ្អាកការនាំចូលប្រភេទត្រីមួយចំនួនដែលប្រជាកសិករអាចចិញ្ចឹមបាន ហើយបាននិងកំពុងប្រមូលចាប់ត្រីយកទៅផ្គត់ផ្គង់ឱ្យទីផ្សារ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានអំពាវនាវ គាំទ្រ និងលើកទឹកចិត្តឱ្យវារី​វប្បករកម្ពុជា​ត្រូវបន្តរក្សា និងខិតខំពង្រឹងពង្រីកមុខរបរនេះបន្ថែមទាន់ឱកាសមាសមកដល់ ដោយ​ត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រង​បណ្តុំផលិត ចូលជាសមាជិកសមាគមវារីវប្បករកម្ពុជា បើអាចរៀបចំកន្លែងប្រមូលទិញ និងលក់ចែក ចាយត្រី និងផលត្រីរបស់សមាជិក ធ្វើយ៉ាងនេះដើម្បីទទួល​បានព័ត៌មាន​ទីផ្សារ បរិមាណផ្គត់ផ្គង់ និងតម្រូវការទីផ្សារ ឈានទៅបង្កើតកន្លែងកែច្នៃផលត្រី ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងជាពិសេសកាត់ បន្ថយហានីភ័យ​ដោយសារ​បរិមាណផលិតលើសពីតម្រូវការ៕

(លេខទំនាក់ទំនងលោក ផាន់ ភិរម្យ ០១២ ៣៤៤ ៣៩៩ )