លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើឱ្យលោក Tamura Tsutomu នាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីធ្វើការសិក្សាជាបឋមអំពីមូលបញ្ហាសំខាន់ៗដែលធ្វើឲ្យផលិតកម្មសរសៃសូត្រខ្មែរ និងផលិតកម្មចិញ្ចឹមដង្កូវនាងមានការធ្លាក់ចុះឲ្យបានច្បាស់លាស់ បន្ទាប់មកត្រូវដាក់ចេញនូវយន្តការដោះស្រាយសមស្រប ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីលើកស្ទួយ ពង្រឹង និងពង្រីកផលិត​កម្មនេះឲ្យមានលក្ខណ:ប្រទាក់ក្រឡាគ្នា ចាប់តាំងពីចំណុចចាប់ផ្តើមដល់ផលិតផលសម្រេច និងទីផ្សារ ដោយត្រូវបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងច្រវ៉ាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការប្រកួតប្រជែង រួមទាំងការធ្វើទំនើបកម្ម ទុនផលិត និងការបណ្តុះបណ្តាល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត និងធានាគុណភាពខ្ពស់។

ការស្នើនេះ បន្ទាប់លោក Tamura Tsutomuបានចូលជួបសម្តែងការគួរសមជាមួយលោក វេង សាខុន នៅទីស្ដីការក្រសួងកសិកម្មកាលពីថ្ងៃទី៦ខែធ្នូនេះ ដើម្បីពិភាក្សាការងារទាក់ទងនឹងការជំរុញផលិតកម្មសូត្រ និងចិញ្ចឹមដង្កូវនាងនៅកម្ពុជា។

លោកTamura Tsutomuបាននិយាយថា ក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍លើផលិតកម្មសូត្រកម្ពុជា ដោយយល់ឃើញថា វាមានគុណភាពល្អ មិនត្រឹមតែសម្រាប់ផលិតសូត្រដូចអ្វីដែលប្រជាពលរដ្ឋខ្មែរនិយាមប្រើប្រាស់តាមបែបប្រពៃណីតាំងពីបុរាណកាលតរៀងមកនោះទេ ប៉ុន្តែផលិតកម្មសូត្រ និងដង្កូវនាងនេះសម្រាប់ជនជាតិជប៉ុន គេយកវាធ្វើជាគ្រឿងសំអាង ឬឱសថសម្រាប់រក្សាសម្ភស្សស្រ្តីឲ្យនៅក្មេងជាងវ័យ (anti-aging)។ សម្រាប់ផលតិកម្មសូត្រនេះ កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់ថាផលិតកម្មនេះនៅមិនទាន់បានអនុវត្តឲ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបងធ្វើឲ្យផលិតកម្មនេះមានការធ្លាក់ចុះ និងបាត់បង់តម្លៃបន្ថែម។

លោក វេង សាខុន នឹងស្វាគមន៍ជានិច្ចចំពោះការផ្ដល់កិច្ចសហការជាមួយក្រុមហ៊ុនជប៉ុននេះ ជុំវិញការលើកកម្ពស់ផលិតកម្មសូត្រនិងការចិញ្ចឹមដង្កូវនាងនេះ។

លោកថា«បើផលិតកម្មកើន គុណភាពត្រូវបានធានា ទីផ្សារគាំទ្រ នោះទើបយើងអាច​ឈានទៅសម្រេចបានតាមផែនការដែលបានកំណត់។ ហេតុនេះ ដើម្បីឲ្យគម្រោងរបស់ក្រុមហ៊ុនសម្រេចបានជោគជ័យ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ ហើយក្រុមហ៊ុនត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសិក្សា និងរៀបចំគម្រោងនេះឲ្យបានសុក្រឹត្យ ធ្វើយ៉ាងណាឲ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន»៕